សម្តេច ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

Home » សម្តេច ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

សម្តេច ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីប្រគល់ធ្វើឡើងក្នុងពេលលោក តាន់ស្រ៊ី​ មីសែល យ៉ាវ ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

តាមដានជាមួយយើង៖ Million Times

ការទទួលបាន «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» នេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវាសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការអនុវត្តតាមស្មារតីបុរេសកម្ម និងមុតស្រួចនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជា និង ការបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវសន្តិភាព ស្ថិរភាពនយោបាយ ប្រកបដោយប្រសិទ្ធភាព នៅគ្រប់ដំណាក់កាលទាំងអស់។

នៅក្នុងឱកាសនៃជំនួបលោក តាន់ស្រ៊ី​ មីសែល យ៉ាវ បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ​ និងភាពឈ្លាសវៃរបស់សម្ដេចនាយករដ្ឋមន្រ្តី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត។

សម្ដេចបានគូសបញ្ជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទីគន្លឹះក្នុងការបង្កេីតការងារ​ ដេីម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសេីរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់នានា និង​ការលេីកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី