មេធំ Amazon ប្រកាសលក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿងតម្លៃ ៣៩លានដុល្លារ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានដាក់លក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿង ក្នុងចំណោមយន្តហោះផ្ទាល់ខ្លួនចំនួន ៤គ្រឿង ដែលលោកកំពុងចតទុកក្នុងប្រលាន។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Insider បានរាយការណ៍ថា យន្តហោះផ្ទាល់ខ្លួនដែលមហាសេដ្ឋីរូបនេះចង់លក់ចេញ គឺជាប្រភេទ Gulfstream G650ER សេរីឆ្នាំ២០១៥ ក្នុងតម្លៃ ៣៩លានដុល្លារ បន្ទាប់ពីមេធំ Amazon ទើបចាយលុយ ៨០លានដុល្លារទិញយន្តហោះថ្មីប្រភេទ Gulfstream G700។

តាមរយៈរូបភាពដែលបានបង្ហាញលើគេហទំព័រលក់យន្តហោះ បានឲ្យដឹងថា យន្តហោះប្រភេទ Gulfstream G650ER នោះមានការរចនាខាងក្នុងពណ៌ប្រផេះ លាយត្នោត មានបន្ទប់ប្រជុំ បន្ទប់ទឹក និងសាឡុងសម្រាប់អង្គុយ ក៏ដូចជាមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១៤នាក់ថែមទៀត។

យន្តហោះ Gulfstream G650ER ដែលមហាសេដ្ឋី Jeff Bezos ប្រកាសលក់នោះ គឺជាសេរីចាស់បំផុតក្នុងចំណោមយន្តហោះដែលលោកមាន ហើយនៅក្នុងឆ្នាំ២០២៤នេះ អតីតនាយកប្រតិបត្តិ Amazon បានធ្វើដំណើរតាមរយៈយន្តហោះមួយគ្រឿងនេះចំនួន ៧៣ដង ចំណាយពេល ២២៤ម៉ោង និងចាយលុយចាក់សាំងអស់ប្រមាណ ៦៧៧ ០០០ដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Insider