កាលពីថ្ងៃទី១២ ខែតុលា អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលរងការលួចធ្វើឃាតជាលើកទី៣ អំឡុងពេលលោកជួបជុំជាមួយអ្នកគាំទ្រ នៅឯសាល Coachella Valley ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
 Million Times
  Million Times 
សារព័ត៌មាន Independent បានចុះផ្សាយថា ក្រុមប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះថា Vem Miller នៅក្នុងរថយន្តប្រភេទ SUV ពណ៌ខ្មៅ ក្រោយសង្កេតឃើញថា រថយន្តមួយនេះពាក់ស្លាកលេខក្លែងក្លាយ។

បន្ទាប់ពីឃាត់ខ្លួន និងឆែកឆេរបុរសម្នាក់នេះ ប៉ូលិសបានរកឃើញនូវស្លាកលេខរថយន្តក្លែងក្លាយជាច្រើន រួមជាមួយលិខិតឆ្លងដែនក្លែងក្លាយ ក៏ដូចជាកាំភ្លើងជាច្រើនដើម មានទាំងកាំភ្លើងខ្លី និងកាំភ្លើងវែង ដែលបានបញ្ចូលគ្រាប់រួច។
ក្រោយនាំខ្លួនបុរសវ័យ ៤៩ឆ្នាំ ទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសួរចម្លើយ ជនសង្ស័យរូបនេះបានអះអាងថា រូបគេគឺជាអ្នកគាំទ្រមួយរូបរបស់លោក ដូណាល់ ត្រាំ ហើយគ្មានបំណងវាយប្រហារ និងធ្វើបានអតីតប្រធានាធិបតីរូបនេះសោះឡើយ។
លោក Miller ថែមទាំងបញ្ជាក់ច្បាស់ៗថា រូបលោកគឺជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងជាអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដូច្នេះលោកគ្មានហេតុផលវាយប្រហារបុគ្គល ដែលលោកគាំទ្រទេ ស្របពេលប៉ូលិសបានសម្រេចផាកពិន័យបុរសម្នាក់នេះចំនួន ៥ ០០០ដុល្លារ ពីបទកាន់កាប់អាវុធខុសច្បាប់។
បើទោះជាត្រូវបានដោះលែងឲ្យនៅក្រៅឃុំក៏ពិតមែន តែលោក Vem Miller ត្រូវបានតុលាការកោះហៅម្ដងទៀត នៅដើមឆ្នាំ២០២៥ ដើម្បីចូលខ្លួនបំភ្លឺ ទាក់ទងនឹងរឿងហេតុកាន់កាប់អាវុធ នៅក្នុងពិធីជួបជុំអ្នកគាំទ្ររបស់លោកត្រាំ ផងដែរ។
គួររំលឹកបន្តិចថា លោក ដូណាល់ ត្រាំ បានជួបប្រទះការលួចធ្វើឃាត ៣លើករួចហើយ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ៕
អត្ថបទ៖ Luffy រូបភាព៖ ABC




