ពូទីន ជឿជាក់លើបេក្ខភាពប្រធានាធិបតី លោក ត្រាំ បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រមុខដឹកនាំរុស្សុី បង្ហាញជំនឿចិត្តចំពោះបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាមានភាពស្មោះត្រង់អំពីចេតនាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោកផ្ទាល់មិនដឹងថាតើលោក ត្រាំ មានគម្រោងបញ្ចប់សង្រ្គាមនេះដោយរបៀបណានោះទេ ក្នុងករណីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី។ បើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។

បេក្ខភាពប្រធានាធិបតីអាមេរិក លោក ត្រាំ ធ្លាប់បានអះអាងថា ប្រសិនបើលោកចូលទៅកាន់សេតវិមាន លោកអាចបង្កើតសន្តិភាពក្នុងរយៈពេល ២៤ម៉ោងនៅអ៊ុយក្រែន។

តាមដានជាមួយយើង៖ Million Times

ក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ពូទីន បាននិយាយថា៖ «យើងពិតជាយកចិត្តទុកដាក់ចំពោះការណ៍ដែលលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីម្នាក់បានប្រកាសថាលោកត្រៀមលក្ខណៈជាស្រេច ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន…។ ជាការពិតណាស់ ខ្ញុំក៏មិនដឹងនោះដែរថាតើគាត់ (លោក ត្រាំ) មានផែនការយ៉ាងដូចម្ដេចដើម្បីបញ្ចប់សង្រ្គាមនេះ។ ក៏ប៉ុន្តែ ខ្ញុំគ្មានអ្វីត្រូវសង្ស័យទេ នោះគឺគាត់បានលើកឡើងពីរឿងនេះដោយស្មោះត្រង់ ហើយយើងគាំទ្រគំនិតបញ្ចប់សង្រ្គាម»។

លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើឱ្យសង្គ្រាមអ៊ុយក្រែន នឹងបញ្ចប់វិញរយៈពេល២៤ម៉ោងបើសិនជាលោកនឹង ក្លាយជាមេដឹកនាំសេតវិមាន ក្រោយការបោះឆ្នោត ខែវិច្ឆិកា ឆ្នាំ២០២៤មែននោះ។ ហើយផ្លូវធ្វើដំណើររបស់លោក ដូណាល់ ត្រាំ ទៅកាន់ សេតវិមានសាជាថ្មី ត្រូវគេឃើញថាបានលេចជាស្រមោលស្ទុងៗខ្លះមកហើយ សូម្បីតែមេដឹកនាំខ្លះក្នុងទ្វីបអឺរ៉ុប ក៏កំពុងគិតថាសង្គ្រាម ក្នុងអ៊ុយក្រែន នឹងអាចឈានដល់ចំណុចរបត់ចុង ក្រោយមួយរបស់វាផងដែរបើសិនជាលោក ដូណាល់ ត្រាំ នឹងឡើងកាន់អំណាចសាជាថ្មី។

មេដឹកនាំនៃប្រទេសហុងគ្រី លោក Viktor Orban ដែលបានជួបជាមួយលោក ដូណាល់ ត្រាំ ក្នុង រដ្ឋ Florida កាលពីពេលកន្លងទៅបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក ដូណាល់ ត្រាំនឹងមិនឱ្យផ្តល់លុយសូម្បីតែមួយសេន ទៅឱ្យអ៊ុយក្រែនឡើយប្រសិន បើលោកនឹងជាប់ឆ្នោតសាឡើងវិញ ជាប្រធានាធិបតីអាមេរិក។

លោក Viktor Orban បាននិយាយថា «ដូច្នេះសង្គ្រាមនឹងត្រូវបញ្ចប់ ពីព្រោះវាជាការពិតដែលថា អ៊ុយក្រែននឹងមិនអាចប្រយុទ្ធ ក្នុងសង្គ្រាមដោយខ្លួនឯងបានឡើយ»។ លោក Viktor Orban ដែលបានហៅលោក ដូណាល់ ត្រាំ ថាជាបុរសនៃសន្តិភាព A man of Peace បាននិយាយសារុបថា «ប្រសិនណាបើអាមេរិកាំងមិនឱ្យលុយនិងអាវុធ ដូចគ្នានឹងសហភាពអឺរ៉ុប នោះសង្គ្រាមត្រូវតែចប់»។ លោកបន្តថា «បើសហរដ្ឋអាមេរិកមិនឱ្យលុយ, ប្រទេសអឺរ៉ុបតែឯកឯង ក៏មិនអាចចំណាយលុយលើ ការធ្វើសង្គ្រាមនេះបានដែរ ហើយពេល នោះសង្គ្រាមនឹងត្រូវតែបញ្ចប់ហើយ»

លោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងមកនេះ បានបង្ហាញភាពមិនពេញចិត្តរបស់លោក ចំពោះអង្គការណាតូថែមទៀត ដែលតែងតែឱ្យសហរដ្ឋអាមេរិក ជាប្រទេសទទួលបន្ទុកធំជាង គេបង្អស់ក្នុងការចំណាយលុយញើសឈាម របស់ប្រជាពលរដ្ឋអាមេរិក សម្រាប់តែការពារ ប្រទេស៣០ជាសមាជិកកន្លងមកនេះ។ លោកដួណាល់ត្រាំ បានថ្លែងថា «សហរដ្ឋអាមេរិកនឹងមិនផ្តល់ ការការពារសម្ព័ន្ធមិត្តអង្គការណាតូណា ដែលមិនបានចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ នោះទេ»

លោក ដូ ណាល់ត្រាំ ថែមទាំងបានបោះពាក្យសម្តីនិយាយទៀតថា លោកនឹង “លើកទឹកចិត្ត” ឱ្យរុស្ស៊ីឱ្យវាយប្រហារ សមាជិកអង្គការណាតូណា ដែលមិនបានបំពេញតាមគោលដៅរបស់សម្ព័ន្ធភាព ដែលតម្រូវត្រូវចំណាយ ២ភាគរយនៃទំហំ GDP ប្រចាំឆ្នាំរបស់ខ្លួន លើកាតព្វកិច្ចយោធា។ សម្តីព្រមានរបស់លោកដូណាល់ត្រាំនោះហើយ ត្រូវគេឃើញថាបានធ្វើឱ្យប្រទេសមួយចំនួន ក្នុងអង្គការណាតូ បានប្រញាប់ជួយតម្រង់ទិសដៅចំណាយ ២ភាគរយនៃ GDP ប្រចាំឆ្នាំលើវិស័យការពារជាតិ។

មេដឹកនាំអង្គការណាតូលោក Jens Stoltenberg ថ្លែងថា សម្តីរបស់លោកដូណាល់គឺជាសម្តី មិនមែនប្រឆាំងនឹងអង្គការណាតូទេ ប៉ុន្តែផ្តោតលើសមាជិកអង្គការណាតូណា ដែលមិនបានចំណាយត្រឹមត្រូវ លើទំហំថវិកា២ភាគរយនៃទំហំ GDP ប្រចាំឆ្នាំរបស់ខ្លួន។

អត្ថបទ៖ សារ៉ាយ រូបភាព៖ bloomberg