ក្រុមហ៊ុនរបស់មហាសេដ្ឋីលំដាប់ទី ២ នៅថៃនឹងបានភាគលាភ ៥៤ លានដុល្លារពីក្រុមហ៊ុនស្រាបៀរវៀតណាម

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Thai Beverage ដែលគ្រប់គ្រងដោយលោក Charoen Sirivadhanabhakdi ជាមហាសេដ្ឋីលំដាប់ទី ២ របស់ប្រទេសថៃ នឹងទទួលបានភាគលាភលើកទី ២ ចំនួន ៥៤ លានដុល្លារពីក្រុមហ៊ុនស្រាបៀរវៀតណាម Sabeco ។

ក្រុមហ៊ុនដែលផលិតស្រាបៀរ Saigon Beer ដ៏ពេញនិយមរបស់ប្រទេសវៀតណាមនឹងបង់ភាគលាភលើកទី ២ សម្រាប់ឆ្នាំ ២០២៣ ក្នុងទំហំសាច់ប្រាក់ ២,០០០ ដុងក្នុងមួយហ៊ុន ហើយនឹងបង់សរុបទាំងអស់ចំនួន ២.៥៦ ពាន់ពាន់លានដុងដល់ម្ចាស់ភាគហ៊ុនតែម្ដង ។

ក្រុមហ៊ុនស្រាបៀរវៀតណាមដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Thai Beverage កាន់កាប់ភាគហ៊ុន ៥៣.៦ ភាគរយនៅក្នុងក្រុមហ៊ុន Sabeco ។ ក្រុមហ៊ុនមួយនេះបានទិញភាគហ៊ុនតម្លៃ ១១០ ពាន់ពាន់លានដុងកាលពីឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមកបានទទួលភាគលាភចំនួន ១០.៦៥ ពាន់ពាន់លានដុង ។

តាមដានជាមួយយើង៖ Million Times

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Sabeco បាននិងកំពុងបង់ភាគលាភជាសាច់ប្រាក់ជាបន្តកន្ទុយក្នុងអត្រា ៣,០០០ ដុងក្នុងមួយហ៊ុន ហើយជួនកាលឡើង ៥,០០០ ដុងឯណោះក្នុងពេលដំណាលគ្នានេះ ។

សូមជម្រាបថា វៀតណាមគឺជាទីផ្សារស្រាបៀរដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ដែលមានតម្លៃ ២៦ ពាន់លានដុល្លារ ហើយជាទីផ្សារធំបំផុតទី ៣ នៅអាស៊ីក្នុងឆ្នាំ ២០២១ បន្ទាប់ពីប្រទេសចិន និងជប៉ុន ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Sabeco បានធ្លាក់ចុះជាហូរហែដល់ ៤.២៥ ពាន់ពាន់លានដុង បន្ទាប់ពីឈានដល់កម្រិតកំពូលនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២២ ៕

បកប្រែ ៖ ទីន