កូនប្រុសមេដឹកនាំបក្សប្រឆាំង លោក គង់ គាំ ព្រះមហាក្សត្រ លើកលែងទោសក្រោយសម្តេច ហ៊ុន ម៉ាណែត អន្តរាគមន៍

ប៉ុន្មានថ្ងៃក្រោយដាក់លិខិតជូនសម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីស្នើសុំលើកលែងទោសទណ្ឌទាំងឡាយ លោក គង់ សភា នៅថ្ងៃទី២៤ ខែមេសានេះ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចត្រាស់បង្គាប់លើកលែងទោស។

ព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោសឲ្យទណ្ឌិត គង់ សភា ដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។

នៅព្រះរាជក្រឹត្យអង្គព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ថ្ងៃឡាយព្រះហស្ថលេខាតទៅ។

សូមជម្រាបថា នៅល្ងាច​ថ្ងៃទី១៨ ខែមេសាកន្លងទៅសម្តេច ហ៊ុន ម៉ាណែត បាន​ប្រកាសស្វាគមន៍​​ការវិលចូលស្រុកវិញរបស់លោក គង់ សភា ដែលជា​អតីតតំណាងរាស្ត្រ​នៃអតីតគណបក្ស​សង្គ្រោះជាតិ។ ការស្វាគមន៍នេះធ្វើឡើង បន្ទាប់ពី​លោក គង់ សភា កូនប្រុសលោក គង់ គាំ បានចេញ​​លិខិត​​​​ស្នើឱ្យសម្តេច ហ៊ុន ម៉ាណែត ​ជួយ​អន្តរាគមន៍ទៅ​ព្រះមហាក្សត្រ​​ប្រោសប្រទានការលើកលែងទោសលោក​ ដើម្បីវិលមកមើលថែគ្រួសារដែលចាស់ជរា។

តាមរយៈសារនយោបាយជូនចំពោះលោក គង់ សភា សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចបានទទួលរួចហើយនូវលិខិតសូមអភ័យទោស ហើយសូមស្វាគមន៍។ សម្តេចបន្តថា សម្តេចនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាសម្តេចនឹងមានឱកាសជួបសន្ទនាជាមួយគ្នានៅពេលខាងមុខ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម គង់ សភា