ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូពាណិជ្ជកម្មអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត ១៧ ពាន់លានដុល្លារ កើនឡើង១៧.២ ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៦នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានជាង ១៤ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់គ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីម្សិលមិញ។
របាយការណ៍ បានឱ្យដឹងថា រយៈពេល ៣ ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញមានទឹកប្រាក់ ៨,០៩ ពាន់លានដុល្លារ កើន ១៧.៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានចំនួន ៦,៨ ពាន់លានដុល្លារ។ ចំណែកការនាំចូលវិញមានទឹកប្រាក់ ៨,៨៣ ពាន់លានដុល្លារ កើន ១៦.៧% បៀបនឹងឆ្នាំ២០២៥ ចំនួន ៧,៥៧ ពាន់លានដុល្លារ។
ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា រួមមានប្រទេសចិនមានទឹកប្រាក់ជាង ៥.១៥ ពាន់លានដុល្លារ, សហរដ្ឋអាមេរិកជាង ៣.៤៨ ពាន់លានដុល្លារ, ប្រទេសវៀតណាមជាង ២.២៦ពាន់លានដុល្លារ, ប្រទេសជប៉ុនជាង ៧៥០លានដុល្លារ និងប្រទេសថៃជាង ៧៩៦លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕


អត្ថបទ៖ ប៊ី



