តាកែវ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦។
គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ មានប្រវែង១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វត្តមានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មការងារនាឱកាសនេះ រួមមាន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

គួររំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។
ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន,ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕


អត្ថបទ៖ ប៊ី



