ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានបង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងវិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសកម្ពុជាទៅកាន់ពិភពលោក។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចេរណ៍ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Fahad Al Hassawi ប្រធានតំណាងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងណែនាំអំពីសមាសភាពថ្នាក់ដឹកនាំប្រចាំប្រទេសកម្ពុជា ព្រមទាំងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងក្រុមហ៊ុន ស្តីពីការចូលរួមគាំទ្ររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ លោក Fahad Al Hassawi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ និងបានជម្រាបជូននូវព័ត៌មានបច្ចុប្បន្នភាពសង្ខេបអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងបានណែនាំសមាសភាពប្រតិភូ និងការតែងតាំងអ្នកគ្រប់គ្រងថ្មីជាផ្លូវការរបស់ក្រុមហ៊ុន Emirates Airlines ប្រចាំប្រទេសកម្ពុជា។ ប

ន្ថែមពីលើនេះ លោកក៏បានស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនអាចចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតាមរយៈការពង្រឹងការតភ្ជាប់តាមផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យទេសចរណ៍កម្ពុជា និងសន្យាពង្រឹងការតភ្ជាប់ផ្លូវអាកាសពីកម្ពុជាទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីតភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Emirates Airlines ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរពីគ្រប់ទិសទីមកកាន់កម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត តាមរយៈការផលិតវីដេអូខ្លីៗ ការរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) និងការផ្សព្វផ្សាយវីដេអូតាមបណ្តាញផ្សព្វផ្សាយនានារបស់ក្រុមហ៊ុន។

សូមជម្រាបជូនថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Emirates Airlines នៅតែបន្តរក្សាការតភ្ជាប់ជើងហោះហើរប្រចាំថ្ងៃពីទីក្រុងឌូបៃមកកាន់រាជធានីភ្នំពេញ សរុបចំនួន ៧ ជើងចូល និង ៧ ជើងចេញ ក្នុងមួយសប្តាហ៍។ ចំពោះប្រតិបត្តិការជើងហោះហើរតភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលមានសរុបចំនួន ៦ ជើង (៣ ជើងចូល និង ៣ ជើងចេញ) ក្នុងមួយសប្តាហ៍។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ក្នុងខណៈដែលកម្ពុជា និងសហព័ន្ធអារ៉ាប់រួម មានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្នាយ៉ាងយូរអង្វែង ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ៕
អត្ថបទ៖ ប៊ី



