កម្ពុជាដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់ ដោយផ្តោតលើការពង្រីកនវានុវត្តន៍បៃតង

កម្ពុជា បានដាក់ឱ្យដំណើរការ “កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ” ដែលជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ផ្អែកលើការវិនិយោគ ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។   

ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈអង្គភាពទទួលបន្ទុកគឺ ធនា​គារ​អភិវឌ្ឍន៍កូរ៉េ (KDB), កម្មវិធី ដែលដាក់ឱ្យដំណើរនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ គាំទ្រសហគ្រាសដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលការវិនិយោគ និងបង្ហាញដំណោះស្រាយជាក់ស្តែង ក្នុងការពង្រីកវិសាលភាព និងការឈានចូលទីផ្សារថ្មីៗ។

កម្មវិធីនេះនឹងត្រូវអនុវត្តរួមគ្នាដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រុមហ៊ុន NH Investment and Securities ក្រុមហ៊ុន NH Absolute Return Partners និងធនាគារអភិវឌ្ឍន៍កូរ៉េ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន គឺជាសមភាគីតំណាងរាជរដ្ឋាភិបាល សម្រាប់ដឹកនាំការអនុវត្តកម្មវិធីនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “សហគ្រាសធុនតូច និងមធ្យម នៅតែដើរតួនាទីគន្លឹះក្នុងសេដ្ឋកិច្ចកម្ពុជា ហើយការធ្វើបរិវត្ត​កម្មសហគ្រាសទាំងនេះ ឱ្យក្លាយជាធុរកិច្ចដែលមានភាពប្រកួតប្រជែងនិងផ្អែកលើបច្ចេកវិទ្យា ត្រូវការ​ទុនវិនិយោគ បច្ចេកវិទ្យាកម្រិតខ្ពស់ និងភាពជាដៃគូរឹងមាំទាំងក្នុងស្រុកនិងអន្តរជាតិ។ កម្មវិធីនេះគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំទាំងនេះ ដោយលើកកម្ពស់នវានុវត្តន៍ និងការវិនិយោគរួមទុន ដែលនឹងបង្កើនសមត្ថភាពសហគ្រិន និងជំរុញសេដ្ឋកិច្ចបៃតងឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។”

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានគោលដៅអាកាសធាតុជាតិ និងការពារធនធានធម្មជាតិរបស់យើង។ យើងប្តេជ្ញាគាំទ្របច្ចេកវិទ្យាថ្មីៗ ដែលអាចកសាងអនាគតស្អាត បៃតង និងប្រកប ដោយចីរភាពសម្រាប់មនុស្សគ្រប់រូប។”

ធាតុសំខាន់មួយនៃកម្មវិធីនេះ គឺមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដែលជាយន្តការវិនិយោគមានទឹកប្រាក់គោលដៅចំនួន ២០០ លានដុល្លារអាមេរិក ដោយមានហិរញ្ញប្បទានសម្រាប់ការខាតបង់ដំបូងចំនួន ៨៣,៧៥ លានដុល្លារអាមេរិកផ្តល់ដោយមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាស​ធាតុ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគពីវិស័យឯកជន។

មូលនិធិនេះគ្រប់គ្រងដោយក្រុមហ៊ុន NH Absolute Return Partners ដោយមានការចូលរួមពីធនាគារអភិវឌ្ឍន៍កូរ៉េ និងផ្តល់ជាមូលធន ហិរញ្ញប្បទានលាយមូលធន និងហិរញ្ញប្បទានបំណុល ដើម្បីគាំទ្រសហគ្រាសអាកាសធាតុដែលមានសក្តានុពលខ្ពស់ក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។

លោកស្រី ផាក សេក្យុង ប្រធានក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ បានលើកឡើងថា៖ “នវានុវត្តន៍អាកាសធាតុត្រូវតែភ្ជាប់ជាមួយការវិនិយោគ ដើម្បីទទួលបានជោគជ័យជាក់ស្តែង។ តាមរយៈមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ធនាគារអភិវឌ្ឍន៍កូរ៉េ មានមោទនភាពក្នុងការគាំទ្រកម្មវិធីហិរញ្ញប្បទានមួយនេះ ដែលផ្សារភ្ជាប់អាជីវកម្មបច្ចេកវិទ្យាអាកាសធាតុសក្តានុពល ជាមួយនឹងទុនដែលពួកគេត្រូវការ ដើម្បីពង្រីកបច្ចេកវិទ្យា តាមរយៈកិច្ចសហការជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូ​ផ្សេងៗ។ ”

វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ជាដៃគូសហការអនុវត្តកម្មវិធីនេះនៅកម្ពុជា នឹងផ្តោតលើការបង្កើតប្រព័ន្ធ​អេកូឡូស៊ី ការគាំទ្រដល់អាជីវកម្មដែលត្រៀមលក្ខណៈសម្រាប់ការវិនិយោគ និងជំនួយបច្ចេកទេស។

បណ្ឌិត លី ជេសឹង អនុប្រធានប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានលើកឡើងថា៖ “តាមរយៈកម្មវិធីនេះ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល គាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រឹងភាពជាដៃគូ និងការត្រៀមលក្ខណៈសម្រាប់ឱកាសទីផ្សារ និងការវិនិយោគ។ ដោយសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងស្រុក យើងមានបំណងជួយពង្រីកបច្ចេកវិទ្យាអាកាសធាតុប្រកប​ដោយចីរភាព និងផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍រយៈពេលវែង។”

កម្មវិធីនេះនឹងត្រូវអនុវត្តរហូតដល់ខែតុលា ឆ្នាំ២០៣០ ក្នុងគោលដៅគាំទ្រអាជីវកម្មបច្ចេកវិទ្យាអាកាសធាតុចំនួន ១៨៥ នៅថ្នាក់តំបន់ ដែលក្នុងនោះ យ៉ាងហោចណាស់អាជីវកម្មចំនួន ៤០ ជាគោលដៅនៅកម្ពុជា ព្រមទាំងសម្របសម្រួលការវិនិយោគរួមទុនថ្នាក់តំបន់ចំនួន ៨ ផងដែរ។ 

កម្មវិធីក៏មានគោលដៅគាំទ្រក្រុមហ៊ុនដឹកនាំដោយស្ត្រី ឬក្រុមហ៊ុនដែលមានបរិយាបន្នយេនឌ័រ ពី ៣០% ទៅ ៥០% ដោយរំពឹងថានឹងសម្រេចបានលទ្ធផលសំខាន់ៗដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ១.៦៣ លានតោន និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ២.៣ លាននាក់នៅថ្នាក់តំបន់ ទន្ទឹមនឹងនោះ គាំទ្របរិវត្តកម្មកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចកាបូនទាប និងធន់នឹងអាកាសធាតុ៕

អត្ថបទ៖ ប៊ី