ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត។
និតផ្ដួចផ្ដើមនេះពង្រីកវិសាលភាពនៃការទូទាត់ប្រាក់ឌីជីថល ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសិង្ហបុរី និងគាំទ្រដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយស្របតាមចក្ខុវិស័យអាស៊ាន នៃប្រព័ន្ធទូទាត់ប្រាក់ឌីជីថលដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅទូទាំងតំបន់។
ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Jeremy Tan នាយកប្រតិបត្តិក្រុមហ៊ុន Liquid Group ព្រមទាំងដៃគូរសហការមកពីប្រទេសសិង្ហបុរី។

គួររំលឹកផងដែរថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត ចាប់តាំងពីឆ្នាំ២០២០ តាមតម្រូវការទីផ្សារ ដែលឱ្យអតិថិជនអាចធ្វើប្រតិបត្តិការតាមរយៈឃ្យូអរកូតបានភ្លាមៗ និងដោយរលូន នៅទូទាំងតំបន់អាស៊ាន និងប្រទេសដៃគូជាច្រើន តួយ៉ាងដូចជា ប្រទេសសិង្ហបុរី (ដំណាក់កាលទី ១៖ កម្ពុជាស្កេន SGQR ដែលបានដាក់ឱ្យ ដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ) ដែលផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ធ្វើប្រតិបត្តិការស្កេនទូទាត់តាម Roam QR របស់ពាណិជ្ជករ (SGQR) នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
សេវាទូទាត់ឃ្យូអរកូតឆ្លងដែននេះ បានលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងជម្រុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា (KHQR) និងសិង្ហបុរី (SGQR) គឺសរបញ្ជាក់ពីការអភិវឌ្ឍឌីជីថលនៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ដែលធនាគារ អេស៊ីលីដា ក៏ជាចំណែកមួយនៃការទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែន រវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ាន នាពេលកន្លងមកនេះ។
ការដាក់ឱ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ឆ្លងដែន និងកិច្ចសហការដោយស្ថាប័នហិរញ្ញវត្ថុ ឈានមុខ និងដៃគូហិរញ្ញវត្ថុពាក់ព័ន្ធរួមមាន៖ ធនាគារ អេស៊ីលីដា នៅក្នុងប្រទេសកម្ពុជា សហការជាមួយនឹងក្រុមហ៊ុន Liquid Group Pte. Ltd ដែលមានការចូលរួមពីធនាគារអន្តរការីដូចជា United Overseas Bank Limited ព្រមទាំង DBS Bank Ltd. នៅប្រទេសសិង្ហបុរី សម្រាប់ដំណើរការប្រតិបត្តិការទូទាត់របស់ក្រុមហ៊ុន Liquid Group ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធទូទាត់ QR ឆ្លងដែនដ៏រឹងមាំ និងអាចធ្វើអន្តរកម្មបានរវាង KHQR និង SGQR ដែលគាំទ្រដោយការត្រួតពិនិត្យបទប្បញ្ញត្តិ ដ៏រឹងមាំពី NBC និង MAS ព្រមទាំងពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុឌីជីថលក្នុងតំបន់។

ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត នឹងពង្រីកលទ្ធភាពឱ្យប្រជាជនសិង្ហបុរីដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និង/ឬសេវាកម្ម ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសសិង្ហបុរី ដើម្បីស្កេនខេអេចឃ្យូអរកូត (KHQR) របស់ពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។
ការទូទាត់ឆ្លងដែនតាមរយៈ QR អនុញ្ញាតឱ្យអតិថិជន និងសាធារណជន ដែលជាប្រជាជនសិង្ហបុរី អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយគ្រាន់តែស្កេន KHQR បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុនអាជីវកម្ម ព្រមទាំងជួយលើកកម្ពស់ស្ថិរភាពរូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។
នាពេលអនាគតដ៏ខ្លីខាងមុខនេះ ធនាគារ អេស៊ីលីដា នឹងពង្រីកបណ្តាញប្រតិបត្តិការទូទាត់ឆ្លងដែនរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៅក្នុងតំបន់អាស៊ានបន្ថែមទៀត ដោយបន្តអនុវត្តតាមបេសកកម្មរបស់យើងក្នុងការជំរុញនវានុវត្តន៍ និងវិបុលភាពហិរញ្ញវត្ថុ៕
អត្ថបទ៖ ប៊ី



