គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន

ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១-២២ ខែ មីនា ឆ្នាំ ២០២៦បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគសរុបប្រមាណ ១១៦ លានដុល្លារអាម៉េរិក និង បង្កើតការងារប្រមាណ ១ ៦០០ កន្លែង។

គម្រោងវិនិយោគទាំង ៦ គម្រោង ដែលក្រុមហ៊ុនបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីមានគម្រោង ៥ នៅក្នុងខេត្តស្ទឹងត្រែង និង មានគម្រោង ១ នៅក្នុងខេត្តក្រចេះ ដោយមានសកម្មភាពវិនិយោគលើវិស័យទេសចរណ៍, កសិកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃគ្រាប់ស្វាយចន្ទី និងការវិនិយោគចិញ្ចឹមជ្រូកសាច់។

តាមដានជាមួយយើង៖ Million Times

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ញើញចូលរួមពីតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តស្ទឹត្រែង, ​រដ្ឋបាលខេត្តក្រចេះ, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ, រដ្ឋបាលស្រុក ឃុំ ភូមិ ព្រមទាំងតំណាងក្រុមហ៊ុន និង មន្រ្តីបច្ចេកទេសពាក់ព័ន្ធ។

ឯកឧត្តមប្រធានអង្គប្រជុំ បានរំលេចអំពីតួនាទី និង ភារកិច្ច ព្រមទាំងសារៈសំខាន់របស់ ក.វ.ឦសាន ក្នុងនាមជាច្រកចេញចូលតែមួយ, ការដោះស្រាយបញ្ហាការវិនិយោគជាកញ្ចប់នៅហ្នឹងកន្លែង ព្រមទាំងគូសបញ្ជាក់អំពីភាពម្ចាស់ការពីតំណាងរដ្ឋបាលខេត្តនីមួយៗក្នុងការចូលរួមទាក់ទាញ, ការជំរុញ, ការគាំពារ, និង ការថែទាំការវិនិយោគនៅក្នុងមូលដ្ឋានរបស់ខ្លួន។

បន្ទាប់មកក្រុមការងារ ក៏បានចុះពិនិត្យទីតាំងគម្រោងវិនិយោគផ្ទាល់របស់ក្រុមហ៊ុន ដើម្បីពិភាក្សាពីស្ថានភាពទូទៅ និង បញ្ហាប្រឈមរបស់ក្រុមហ៊ុន ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការប្រឹក្សាយោបល់តាមការស្នើសុំរបស់ក្រុមហ៊ុននីមួយៗ ក្នុងគោលបំណងជំរុញការវិនិយោគ និង ការពង្រីកការវិនិយោគ ជាពិសេសការទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនដែលកំពុងវិនិយោគលើការដាំដុះដំណំាកសិកម្ម ឱ្យឈានទៅរកការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់៕

អត្ថបទ៖ ប៊ី