ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ៖ វិស័យសាធារណៈត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ប្រាក់រៀល ដើម្បីពង្រឹងអធិបតេយ្យនៃសេដ្ឋកិច្ចជាតិ

ស្ថាប័នរដ្ឋបានដើរតួនាទីឈានមុខគេក្នុងការប្រើប្រាស់ប្រាក់រៀល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តម បានលើកឡើងដូច្នេះ នាឱកាសអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ និងបានអញ្ជើញធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវរួមគ្នារវាងរដ្ឋសភា និងធនាគារជាតិនៃកម្ពុជា ស្តីពី «ការអង្កេតលើការប្រើប្រាស់រូបិយវត្ថុនៅវិស័យសាធារណៈ» ។

តាមដានជាមួយយើង៖ Million Times

យោងតាមលទ្ធផលស្រាវជ្រាវរួមគ្នានេះ បានបង្ហាញនូវទិន្នន័យគន្លឹះមួយចំនួនរួមមាន៖

• ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ប្រមាណ ៨០-៩០% នៃចំណូល និងចំណាយរបស់រាជរដ្ឋាភិបាល ត្រូវបានប្រតិបត្តិជាប្រាក់រៀល ។

• ក្រសួងទេសចរណ៍៖ សម្រេចបានរហូតដល់ ៩០-៩៥% នៃចំណាយរដ្ឋបាលក្នុងស្រុកជារូបិយវត្ថុជាតិ ។

• បញ្ហាប្រឈម៖ ការប្រើប្រាស់ប្រាក់ដុល្លារនៅតែមានកម្រិតខ្ពស់ (ប្រមាណ ៨៤% នៃ M2) ជាពិសេសក្នុងសកម្មភាពដែលពាក់ព័ន្ធនឹងបរទេស ដូចជាការវិនិយោគផ្ទាល់ពីបរទេស (FDI), ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA), និងការទូទាត់ក្នុងវិស័យកាត់ដេរ ។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ក៏បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗ ដើម្បីអនុវត្តយុទ្ធសាស្ត្ររុញច្រានការប្រើប្រាស់ «ប្រាក់រៀល» ជាដង្ហើមនៃសេដ្ឋកិច្ចឌីជីថល រួមមាន៖

• យន្តការតម្រូវ (Mandatory Rules)៖ ក្នុងរយៈពេលខ្លី រាល់កិច្ចសន្យាដែលប្រើប្រាស់ថវិការដ្ឋ ត្រូវតែធានាការកំណត់តម្លៃ និងការទូទាត់ជាប្រាក់រៀលទាំងស្រុង ។

• ការធ្វើទំនើបកម្មតាមរយៈ «បាគង»៖ ការពង្រីកកម្មវិធី «Bakong សម្រាប់ភ្ញៀវទេសចរ» និងការជំរុញការទូទាត់ពន្ធ កម្រៃសេវាសាធារណៈ និងអាជ្ញាប័ណ្ណតាមប្រព័ន្ធឌីជីថលជាប្រាក់រៀល គឺជាយុទ្ធសាស្ត្រវែងឆ្ងាយដើម្បីលុបបំបាត់ការប្រើប្រាស់ដុល្លារជាប្រចាំ ។

• សហប្រតិបត្តិការអន្តរស្ថាប័ន៖ បង្កើតគណៈកម្មការអន្តរក្រសួង និងប្រព័ន្ធចែករំលែកទិន្នន័យដឹកនាំដោយធនាគារជាតិ ដើម្បីតាមដាន និងគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់ឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាមានមូលដ្ឋានច្បាប់ និងការរៀបចំវិស័យសាធារណៈរឹងមាំរួចជាស្រេចទៅហើយ ។ គន្លឹះឆ្ពោះទៅរកភាពជោគជ័យ គឺការដោះស្រាយបញ្ហារចនាសម្ព័ន្ធ និងការសម្របសម្រួលអន្តរក្រសួង ដើម្បីប្រែក្លាយប្រាក់រៀលឱ្យទៅជារូបិយវត្ថុគោលតែមួយគត់ក្នុងប្រតិបត្តិការជាតិ ដែលនឹងជួយពង្រឹងអធិបតេយ្យនយោបាយរូបិយវត្ថុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះការប្រែប្រួលសកល ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរនាថ្ងៃនេះ ក្រៅពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ក៏មានការផ្សព្វផ្សាយអត្ថបទស្រាវជ្រាវរួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្តីពី «ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា» ដោយលោក Enrico Gaveglia តំណាង UNDP ប្រចាំកម្ពុជា និងលោកស្រី អ៊ីវ ឯកនិម្នល ជំនួយការតំណាង UNDP ព្រមទាំងមានកិច្ចពិភាក្សាស្តីពី «វឌ្ឍនភាព បញ្ហាប្រឈម និងគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល» ដោយមានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ជាអ្នកសម្របសម្រួលផងដែរ៕

អត្ថបទ៖ ប៊ី, ប្រភព៖ រដ្ឋសភា