ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីមិ្សលមិញ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (វ.ប.ន.) ដែលជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មអភិបាលកិច្ចវិស័យ វ.ប.ន.។
គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃការគាំទ្រយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យា ជាក្បាលម៉ាស៊ីន សម្រាប់សម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ន គ្រឹះស្ថានសិក្សាស្រាវជ្រាវ សមាគមធុរកិច្ច និងវិស័យឯកជន ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនឹងបម្រើការជាត្រីវិស័យ សម្រាប់ការអភិវឌ្ឍ ជាតិ។

ឯកឧត្តម បានលើកឡើងថា៖ “ក្នុងបរិបទសកលលោកទំនើប វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូល ដ្ឋានគ្រឹះសម្រាប់ពង្រឹងភាពប្រកួតប្រជែងនៃអាជីវកម្ម និងអភិបាលកិច្ច។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នឹងផ្តល់ឱកាសថ្មីៗសម្រាប់កម្ពុជា ជាពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសមត្ថភាពប្រកួតប្រជែង និងកសាងមូលធនមនុស្ស ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាសកល។”
ក្របខ័ណ្ឌដែលបានបង្កើតឡើងថ្មីនេះ ដោះស្រាយបញ្ហាប្រឈមយូរអង្វែង នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា រួមមានការអនុវត្តការវាយតម្លៃដែលនៅរាយប៉ាយ និងគម្លាតឌីជីថល រវាងតំបន់ទីក្រុង និងជនបទ។ តាមរយៈការ ផ្តល់នូវឧបករណ៍ស្តង់ដាដែលផ្អែកលើទិន្នន័យ ក្រសួងមានគោលបំណងគាំទ្រស្ថាប័នសាធារណៈ និងឯកជន ក្នុងការរៀបចំក្របខ័ណ្ឌវាយតម្លៃរៀងៗខ្លួនសម្រាប់សកម្មភាព វ.ប.ន.។
ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីការប្រែក្លាយពីកិច្ចខិតខំប្រឹងប្រែងដែលនៅរាយប៉ាយ មកជាបេសកកម្មជាតិរួមតែមួយ។ ឯកឧត្តមបានកត់សម្គាល់ថា៖ “មុនឆ្នាំ២០២១ ការងារ វ.ប.ន. ត្រូវបានអនុវត្តដោយរាយប៉ាយ និងមិនទាន់មានអាណត្តិស្ថាប័នជាក់លាក់ នៅឡើយ។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នេះ ត្រូវបានផ្តួចផ្តើមឡើងដើម្បីផ្តល់នូវឧបករណ៍សំខាន់ៗសម្រាប់ការវាស់វែង និងវាយតម្លៃលទ្ធផលការងារ គាំទ្រដល់ការកែលម្អ តាមរយៈការយល់ដឹងផ្អែកលើទិន្នន័យ ដើម្បីទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ជាប្រយោជន៍ ដល់សង្គម។”

សិក្ខាសាលាបញ្ចូលករណីសិក្សាសាកល្បង ដែលសិក្ខាកាមបានអនុវត្ត លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនៅក្នុងវិស័យផ្សេងៗ រួមមានការអប់រំកម្រិតឧត្តមសិក្សា ការស្រាវជ្រាវ ការធ្វើតេស្តលើបច្ចេកវិទ្យាជាន់ខ្ពស់ ការកែច្នៃកសិ-អាហារ និងយានយន្ត។ វិធីសាស្ត្រអនុវត្តជាក់ស្តែងនេះមានគោលបំណងធានាថា ស្ថាប័នទទួលបន្ទុក វ.ប.ន. នាពេលអនាគត អាចពង្រីកវិសាលភាព មានសមធម៌ និងស្របតាមតថភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា៕
អត្ថបទ៖ ប៊ី


