ធនាគារពិភពលោក (World Bank) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ការប្តេជ្ញានេះ ត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Carlos Felipe Jaramillo, អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ក្នុងដំណើរបេសកកម្មរបស់ឯកឧត្តមនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា និងធនាគារពិភពលោកមានសហប្រតិបត្តិការដ៏ល្អ។ ធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា សម្រាប់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជានិងបញ្ហាប្រឈមសំខាន់ៗដែលកម្ពុជាកំពុងជួបប្រទះ ជាឥទ្ធិពលអវិជ្ជមាននៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ការកើនឡើងតម្លៃប្រេងដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចតូច បើកចំហ និងផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នា នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានេះផងដែរ។
ជាមួយគ្នានេះដែរ លោក Carlos Felipe Jaramillo បានជម្រាបជូនអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជាដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈ ក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩ (Country Partnership Framework – CPF 2025-2029) ដែលផ្តោតលើ៖ ១. ការអភិវឌ្ឍមូលធនមនុស្ស, ២. ការពង្រីកភាពប្រកួតប្រជែងសម្រាប់ការងារល្អប្រសើរ និង៣. ការពង្រឹងភាពធន់សម្រាប់ប្រជាជនងាយរងគ្រោះ ។
លោក Carlos បានថ្លែងបន្តថា “ឯកសារ CPF 2025-2029” ត្រូវបានអនុម័តជាផ្លូវការពីក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគារពិភពលោក ក្រោម កិច្ចសហការរៀបចំយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រមទាំងបណ្តាភាគីពាក់ព័ន្ធដ៏ទៃទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតម្រូវការជាអាទិភាពរបស់កម្ពុជា ។
បន្ថែមលើនេះ, លោកក៏បានជម្រាបអំពីក្របខ័ណ្ឌកញ្ចប់ថវិកា “International Development Association (IDA21)” ដោយធនាគារពិភពលោក នឹងបន្តការជួយគាំទ្រកម្ពុជាតាមរយៈការខិតខំប្រឹងប្រែងរក្សាទំហំហិរញ្ញប្បទាន ដែលមាន និងកៀរគរហិរញ្ញប្បទានពីប្រភពផ្សេងៗបន្ថែមទៀតផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីទិសដៅការងារក្នុងវិស័យអាទិភាព មានជាអាទិ៍៖ វិស័យអភិវឌ្ឍន៍ជំនាញ និងអប់រំ វិស័យដឹកជញ្ជូន និងវិស័យអាទិភាពផ្សេងៗទៀតដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងដើម្បីអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមពីតម្រូវការចាំបាច់ក្នុងការចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព តាមរយៈការបណ្តុះបណ្តាលជំនាញ ក៏ដូចជាធនធានហិរញ្ញវត្ថុសមស្រប (Access to finance) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើតសហគ្រាសក្នុងមូលដ្ឋាន ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចបង្កើតការងារ និងមុខរបរអាជីវកម្មដោយខ្លួនឯង ដើម្បីស្រូបយកកម្លាំងពលកម្មយុវជន និងកម្លាំងពលកម្មដែលវិលត្រឡប់មកវិញពីប្រទេសថៃ។
លោក Carlos បានសម្តែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ និងបាន គូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជាក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើរាល់ការដ្ឋានការងារអាទិភាពដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។
ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃភាពជាដៃគូ យុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើតការងារ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអនុវត្តគម្រោង និងវិធានការអាទិភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព និងបានជូនពរឯកឧត្តមអនុប្រធានធនាគារពិភពលោក និងសហការីឱ្យទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ ប៊ី


