កម្ពុជា-អូទ្រីស ពិនិត្យលទ្ធភាពជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

កម្ពុជា និងអូទ្រីស បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែល្អ ពិសេសគឺការពិនិត្យលទ្ធភាពជំរុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុង Vienna មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

ការប្តេជ្ញាចិត្ត និងការជំរុញឱ្យមានជើងហោះហើរត្រង់នេះ ត្រូវបានធ្វើឡើងឡើង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦  អំឡុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Andreas Sumper អនុប្រធានបេសកកម្មស្ថានទូតអូទ្រីសប្រចាំកម្ពុជា លោក Max Gridling អគ្គកុងស៊ុលកិត្តិយសអូទ្រីស និងលោក Christian-Petru Ciochirca នាយកប្រតិបត្តិនៃក្រុមហ៊ុន M8 M8imize GmbH នៅទីស្តីការក្រសួងទេសចរណ៍។

លោកប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីបេសកកម្មពាណិជ្ជកម្មរបស់ស្ថានទូតដែលបានដឹកនាំក្រុមហ៊ុនធំៗ ពីប្រទេសអូទ្រីសជាច្រើនក្រុមហ៊ុនពីអាជីវកម្មផ្សេងៗ មកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម កាលានុវត្តភាពវិនិយោគ ជាពិសេសលើវិស័យទេសចរណ៍។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះដែរ លោកតំណាងក្រុមហ៊ុន បានណែនាំអំពីសកម្មភាព និងបទពិសោធរបស់ក្រុមហ៊ុន លើការរៀបចំព្រឹត្តិការណ៍កីឡាកន្លងមក ដែលអាចរួមចំណែកជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងធុរជនអូទ្រីសជាប្រតិភូដែលបានមកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គមពិតជាក់ស្តែង ដែលកំពុងមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈកត្តាសុខសុវត្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់នូវកាលានុវភាពវិនិយោគ និងសក្តានុពលទេសចរណ៍ដ៏ល្អប្រៀបដូចជាតារាទើបនឹងរះបង្ហាញដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ។​

ក្នុងជំនួបប្រកបដោយផ្លែផ្កា គូភាគី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែល្អ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងឧស្សាហកម្មបដិសណ្ឋារកិច្ចឱ្យកាន់តែរីកចម្រើន ព្រមទាំងការពិនិត្យលទ្ធភាពជម្រុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុង Vienna មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។

សូមបញ្ជាក់ថា កម្ពុជា និងអូទ្រីស មានទំនាក់ទំនងការទូតដ៏ល្អតាំងពីឆ្នាំ១៩៥៦ ហើយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេលប្រមាណ៧០ឆ្នាំមកហើយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យវិនិយោគ ទេសចរណ៍ផងដែរ។ ក្នុងដើមឆ្នាំ២០២៦ នេះ មានភ្ញៀវទេសចរអូទ្រីសច្រើនជាង២.០០០នាក់ បានធ្វើដំណើរទេសចរណ៍មកលេងគ្រប់គោលដៅទេសចរណ៍កម្ពុជាទាំងអស់ប្រកបដោយសុខសុវត្តិភាព និងសោមន្សរីករាយ៕

អត្ថបទ៖ ប៊ី