មូលបត្ររដ្ឋតម្លៃជាង ១៧០ លានដុល្លារ ត្រូវបានបោះផ្សាយលក់ក្នុងឆ្នាំ ២០២៥

រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណជាង ១៧០ លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បី​ធ្វើហិរញ្ញប្ប​ទានគាំទ្រ​ដល់គម្រោង​វិនិយោគសាធារណៈ ពិសេសសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។ នេះយោងតាមព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

របាយការណ៍បានឱ្យដឹងថា នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៤៨៣,២១ ប៊ីលានរៀល ត្រូវនឹងប្រមាណ ១២០,៤១ លានដុល្លារអាមេរិក ក្នុងនោះ មូលបត្ររដ្ឋជាប្រាក់រៀលមានចំនួន ២០២,៣០ ប៊ីលានរៀល និងមូលបត្ររដ្ឋជាប្រាក់ដុល្លាអាមេរិកមានចំនួន ៧០ លានដុល្លារអាមេរិក។

ជារួម នៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៦៩១,២១ ប៊ីលានរៀល ត្រូវនឹងប្រមាណ ១៧២,២៤ លានដុល្លារអាមេរិក ត្រូវនឹងប្រមាណ ១៣៨% នៃពិតានកំណត់ក្នុងច្បាប់ (៥០០ ប៊ីលានរៀល) ក្នុងនោះ មូលបត្ររដ្ឋជាប្រាក់រៀលមានចំនួន ៤១០,៣០ ប៊ីលានរៀល និងមូលបត្ររដ្ឋជាប្រាក់ដុល្លារអាមេរិកមានចំនួន ៧០ លានដុល្លារអារមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ ការអនុវត្តវិធានការគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល និងរក្សាតុល្យភាពថវិកាជាតិ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។

តាមដានជាមួយយើង៖ Million Times

គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបោះផ្សាយលក់មូលបត្ររដ្ឋ (សញ្ញាប័ណ្ណ/ប័ណ្ណបំណុល) ក្នុងទំហំ ២ ១១៤ ០០០ លានរៀល (ប្រមាណ៥០០លានដុល្លារអាមេរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី៩ ខែមករា ដែលការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងត្រូវធ្វើឡើងតាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP)។

ឆ្នាំ ២០២៦ នេះ គឺជាឆ្នាំទី ៥ ហើយដែលរដ្ឋាភិបាលសម្រេចកៀរគរប្រភពហិរញ្ញវត្ថុពីវិយោគិនក្នុងប្រទេសតាមការបោះផ្សាយមូលបត្ររដ្ឋ​។ ដោយក្នុងនោះ រដ្ឋាភិបាលទឹកចិត្តលើការលើកលែងពន្ធប្រាក់ចំណូលបានពីការវិនិយោគលើមូលបត្ររដ្ឋគ្រប់ប្រភេទឥណប្រតិទាន ដែលបានបោះផ្សាយក្នុងឆ្នាំ២០២៦។  រដ្ឋក៏បានកាត់បន្ថយពន្ធកាត់ទុក៥០ភាគរយ​លើការប្រាក់ដែលបានការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ រួមទាំងលើកលែងពន្ធចំណេញមូលធនចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋនេះ។​

ក្រសួងសេដ្ឋកិច្ច ប្រកាសបោះផ្សាយមូលបត្ររដ្ឋលើកដំបូងក្នុងឆ្នាំ២០២២ ដែលមានទំហំ៣០០លានដុល្លារ, ឆ្នាំ២០២៣ ក្នុងទំហំ២០០លានដុល្លារ, ឆ្នាំ២០២៤ ក្នុងទំហំ១០០លានដុល្លារ៕

អត្ថបទ៖ ប៊ី