អាជ្ញាធរខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ ដែលមានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានដឹកនាំដោយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។ គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ គឺវិនិយោគដោយ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD។
អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមជ្រាបថា បន្ថែមពីលើអត្ថប្រយោជន៍នានារាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន គម្រោងនេះក៏នឹងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែរ។
ក្នុងឱកាសនេះ លោក ឡុង ឌីម៉ង់ បានណែនាំឱ្យក្រុមហ៊ុនម្ចាស់គម្រោង៖-ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា, -បានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាន, – រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ បុគ្គលិក និងកម្មករក្នុង និងជុំវិញទីតាំង, និង- ប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។
ដោយឡែក,ក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព៕
អត្ថបទ៖ ប៊ី


