និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងក្រុមហ៊ុន GFTN Japan Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងពង្រឹងវិស័យមូលបត្រជាមូលដ្ឋាន សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
ការចុះអនុស្សរណៈនៃយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និង លោក Takeshi Kito, តំណាងក្រុមហ៊ុន GFTN Japan Ltd. នៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ដោយផ្តោត លើអត្ថប្រយោជន៍រួមនៃការជំរុញនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ, ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យមូលបត្រ និងស្ថាប័ន, ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការបង្កើតកិច្ចសហការអន្តរជាតិ។
ថ្លែងក្នុងកម្មវិធីចុះអនុស្សារណៈនៃការយោគយល់នេះ ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា ៖«នវានុវត្តន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) គឺជាអាទិភាពជាតិ និងជាអាទិភាពរបស់ ន.ម.ក.។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់យើង ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងពង្រឹងវិស័យមូលបត្រជាមូលដ្ឋាន សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា»។

នៅក្នុងកម្មវិធីនេះ លោក Takeshi Kito បានថ្លែងថា ៖«ក្នុងនាមក្រុមហ៊ុន GFTN Japan Ltd. ខ្ញុំពិតជា មានសេចក្តីសោមនស្សរីករាយក្នុងការចុះអនុស្សារណៈនៃការយោគយល់ជាមួយ ន.ម.ក. ហើយក្រុមហ៊ុន GFTN Japan Ltd. នឹងចូលរួមជាមួយ ន.ម.ក. ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រនៅកម្ពុជាឱ្យ កាន់តែរីកចម្រើន»។
កម្មវិធីនេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករក្រោមឱវាទ អ.ស.ហ.. សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា និងតំណាងក្រុមហ៊ុន លី ហួរ គ្រុប, តំណាងក្រុមហ៊ុន ស៊ីធីអិច-98 ឯ.ក និងក្រុមហ៊ុនពាក់ព័ន្ធ៕
អត្ថបទ៖ ប៊ី


