ក្រសួងឧស្សាហកម្ម និងក្រសួង METI ជប៉ុន សហការគ្រប់គ្រងការបំពុល និងគាំទ្រឧស្សាហកម្មកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបលោក Hamasaka Takashi ប្រធានការិយាល័យ ជំរុញការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) ដើម្បីពិភាក្សា វឌ្ឍន​ភាពនៃកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការបំពុល។

លោក Hamasaka Takashi បានកោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និង កម្មវិធីផ្លាស់ប្តូរពង្រឹងសមត្ថភាពមន្រ្តីនាពេលថ្មីៗនេះ ដែលរួមមានទាំងការបញ្ជូនមន្ត្រីកម្ពុជា​ទៅទទួលការបណ្តុះបណ្តាល​​នៅ​ប្រទេសជប៉ុនផងដែរ។

តាមដានជាមួយយើង៖ Million Times

លោក Hamasaka Takashi បានលើកឡើងថា៖ «ប្រព័ន្ធគ្រប់គ្រងការបំពុលមានសារសំខាន់ណាស់ សម្រាប់គ្រប់គ្រង​ការបំពុល​ រួមទាំងការបំពុលទឹក ហើយគួរត្រូវបានអនុវត្តឱ្យបានទូលំទូលាយនៅ​ក្នុង​គ្រប់វិស័យ»។

លោកបានបន្ថែមថា ប្រកាសដែលក្រសួងឧស្សាហកម្មដាក់ឱ្យអនុវត្តកាលពីខែមករា គឺជា​សមិទ្ធ​ផល​ជាក់​​ស្តែង​នៃកិច្ចសហប្រតិបត្តិការនេះ ហើយលោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្ត​ផ្តល់​ការ​គាំទ្រដល់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបន្តគាំទ្រ​ផ្នែកបច្ចេកទេសដល់កម្ពុជា និងសង្កត់ធ្ងន់ថា ប្រកាស​ស្តីពីការគ្រប់គ្រងការបំពុល និងប្រកាសស្តីពីគោលការណ៍ណែនាំប្លង់រោង​ចក្រត្រូវបានដាក់ឱ្យអនុវត្តរួចហើយ ហើយការងារបន្ទាប់គឺត្រូវអនុវត្តប្រកាសទាំងនេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបានលើកឡើងថា៖ «ការកសាងសមត្ថភាព និងការងារអនុវត្តច្បាប់ និងបទប្បញ្ញត្តិ គឺជាកិច្ចខិត​ខំ​​ប្រឹង​ប្រែងរយៈពេលវែង ហើយការប្តេជ្ញាបន្តគាំទ្ររបស់ភាគីជប៉ុន ពិតជាសំខាន់ណាស់ ដើម្បីធានា​ថា​បទប្បញ្ញត្តិទាំងនេះ អាចសម្រេចជាផលប្រយោជន៍ជាក់ស្តែងនៅនឹងមូលដ្ឋាន»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើភាគីជប៉ុនឱ្យពង្រីកការគាំទ្របន្ថែមទៀត និងថា វិធានការគ្រប់គ្រងការបំពុលគួរត្រូវបានអនុវត្ត មិនត្រឹមតែសម្រាប់រោងចក្រធុនធំប៉ុណ្ណោះទេ ប៉ុន្តែសហគ្រាស​ធុន​តូច​និងមធ្យមផងដែរ ក្នុងកម្រិតអនុលោមភាពដោយឡែក ស្របតាមទំហំ និងសមត្ថភាពរបស់សហគ្រាស។

ឯកឧត្តមបានបន្ថែមថា៖ «អនុលោមភាពតាមគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច ត្រូវចាប់ផ្តើម​ពី​ពេលនេះ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩។ យើងត្រូវគាំទ្រឧស្សាហកម្មរបស់យើង រួមទាំងសហគ្រាស-សិប្បកម្មខ្នាតតូច ដើម្បី​ ពួក​គេអាចបំពេញតាមស្តង់ដាសមស្របលើការគ្រប់គ្រងការបំពុល បង្កើនភាពប្រកួតប្រជែង និងភាព​ធន់នៅ​ក្នុងទីផ្សារសាកល»៕

អត្ថបទ៖ ប៊ី, ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍