វិស័យឯកជនអាកាសចរណ៍ស៊ីវិលកម្ពុជា នាំមកប្រាក់ចំណូលផ្ទាល់ជិត ៦០០ លានដុល្លារ

វិស័យឯកជនអាកាសចរណ៍ស៊ីវិលកម្ពុជា នាំមកប្រាក់ចំណូលប្រតិបត្តិការអាជីវកម្មដោយផ្ទាល់ជិត ៦០០ លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ ២០២៥ និងបានចូលរួមចំណែក ក្នុងការផ្តល់ការងារដោយផ្ទាល់ចំនួន ៤,៤៧១នាក់។ នេះបើយោងតាមរបាយការណ៍ ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

របាយការណ៍នេះ ត្រូវបានបង្ហាញ អំឡុងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

របាយការណ៍ បានឱ្យដឹងថា តាមរយៈការឆ្លើយនូវកម្រងសំណួររបស់ក្រុមហ៊ុននានា ដែលកំពុងបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានឱ្យដឹងថា៖ វិស័យឯកជនអាកាសចរណ៍ស៊ីវិលកម្ពុជា បានចូលរួមចំណែក ក្នុងការផ្តល់ការងារដោយផ្ទាល់ចំនួន ៤,៤៧១នាក់ ក្នុងនោះស្ត្រីមាន ១,៩៤៧នាក់ ស្មើនឹង៤៤% និងបុរសមាន ២,៥២៤នាក់ ស្មើនឹង៥៦% ផ្តល់ការងារជាជំនាញបច្ចេកទេសអាកាសចរណ៍ស៊ីវិលសរុប៖ ១,៨៨០នាក់ ផ្តល់ការងារជាអ្នកបើកអាកាសយាន(Pilots)សរុប៖ ១៣៥នាក់ និងនាំមកប្រាក់ចំណូលប្រតិបត្តិការអាជីវកម្មដោយផ្ទាល់ជិត ៦០០លានដុល្លារសហរដ្ឋអាម៉េរិក។

តាមដានជាមួយយើង៖ Million Times

របាយការណ៍ បានឱ្យដឹងទៀតថាវិស័យអាកាសចរណ៍ស៊ីវិល បានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសសរុប៖ ៦,៩៨៨,២៥៩នាក់ (កើន១២% ប្រៀបធៀប២០២៤) បានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុប៖ ៩៣,៨៨៩តោន(កើន២១% ប្រៀបធៀបឆ្នាំ២០២៤)មានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលសរុប៖ ៣៦ក្រុមហ៊ុន បានភ្ជាប់ជើងហោះហើរទៅកាន់៖ ៥២ទីក្រុង និង១៨ប្រទេសរួមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ និងបានប្រមូលចំណូលជូនរដ្ឋសរុប៖ ៥១,២៦៧,៨៩១ដុល្លារអាម៉េរិក លើសផែនការ១.៣២% និងបានចុះបញ្ជីអាកាសយាននៅកម្ពុជា៖ ៣២គ្រឿង។

ក្នុងឆ្នាំ២០២៥កន្លងមក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យអាកាសចរណ៍ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២ ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។

ទោះបីជាយ៉ាងណា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅតែមានកត្តាប្រឈមជាច្រើននិងជារួម ហើយត្រូវរួមគ្នាដោះស្រាយផងដែរ ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបនឹងឆ្នាំ២០១៩ មិនទាន់បានវិលត្រឡប់ដូចដើមវិញនៅឡើយទេ ទោះបីជាជំងឺកូវីដ-១៩ បានផុតរលត់ក៏ដោយ។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងបរិបទនៃការវិវត្តឥតឈប់ឈរនៃសេដ្ឋកិច្ច នយោបាយ សន្តិសុខពិភពលោក ដែលបានជះឥទ្ធិពលមកលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារតែភាពមិនច្បាស់លាស់ពិភពលោករវាងឯកតោភាគីនិយមនិងពហុភាគីនិយម ការអូសបន្លាយសង្គ្រាមតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាពិសេសការគំរាមកំហែងចំពោះអធិតេយ្យភាពជាតិកម្ពុជាជាដើម៕

អត្ថបទ៖ ប៊ី