ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកវិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជា

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួង និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហការលើកវិស័យកម្ពស់អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញនៅកម្ពុជា ឱ្យស្របតាម​តម្រូវការ​ការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។

កិច្ចពិភាក្សារនេះត្រូវបានធ្វើឡើងរវាង កឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Nianshan Zhang អគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារ ADB កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និង ADB សម្រេចបាននូវសមិទ្ធផលជាទីមោទន ក្នុងការគាំទ្រការអភិវឌ្ឍជំនាញកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធ TVET។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ ឯកឧត្ដម បានលើកឡើងថា វិស័យ TVET គឺជាគ្រឹះសម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នា ស្របតាមតម្រូវការមាគ៌ាឧស្សាហកម្មហូបនីកម្មកម្ពុជា ហើយក្រសួងការងារបាន នឹងកំពុងពង្រីកវិសាលភាព TVET តាមអនុវត្តគន្លងអប់រំថ្មីទៅកាន់តំបន់គោលដៅ ជាពិសេសនៅតាមទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើនឱ្យទទួលបានជំនាញ លើកកម្ពស់សមត្ថភាពល្អជាងមុន និងទទួលបានការងារល្អប្រសើរ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល បង្កើនចំណូល និងចូលរួមកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម បានបន្តថា ក្រសួងបានជម្នះឧបសគ្គជាច្រើន ព្រោះថាវិស័យ TVET កាលពីមុនត្រូវបានចាត់ទុកថា ជាវិស័យមិនសូវសំខាន់ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែច្រើនកំពុងចាប់អារម្មណ៍លើ TVET ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការវិនិយោគគាំទ្រ​ជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោក Zhang បានថ្លែអ ជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ឱកាសដល់ភាគីទាំងពីរពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក សម្រាប់ជាមូលដ្ឋាន កំណត់គោលដៅឱ្យកាន់តែមុតស្រួចបន្ថែមទៀត ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបានគូសបញ្ជាក់ថា ADB និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារមានទំនាក់ទំនងរឹងមាំដ៏យូរអង្វែង ដែលសម្រេចបានសមិទ្ធផលជាច្រើន ហើយ ADB តែងតែផ្តល់អាទិភាពខ្ពស់ដល់ការជំរុញលើកកម្ពស់វិស័យ TVET ជានិច្ច និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Zhang និងក្រុមការងារ សម្រាប់ការពិភាក្សាប្រកបដោយស្ថាបនា និងគ្រប់ជ្រុងជ្រោយនេះ ដែលបានពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏មាំមួនបន្ថែមទៀត ដោយឯកឧត្តមបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបន្តរីកចម្រើន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ ប៊ី