ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌា បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ពិសេសលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ដែលដឹកនាំដោយលោក Chetan Bijesure អគ្គលេខាធិការរងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា ។

នៅក្នុងជំនួបនេះ សមាជិក FICCI បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌាជាយន្តការដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ។

តាមដានជាមួយយើង៖ Million Times

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាជិក FICCI បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ព្រមទាំងសហការជិតស្និតជាមួយនឹងវិស័យឯកជនកម្ពុជាដែលជាដៃគូ ដើម្បីលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាជាស្ថាប័នដែលបង្កើតឡើងតាំងពីឆ្នាំ ១៩២៧ តំណាងឱ្យសម្លេងរបស់ធុរកិច្ច និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា ដែលមានសមាជិកប្រមាណ ២៥០ ០០០ ក្រុមហ៊ុនមកវិស័យឯកជន និងសាធារណៈ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាបានឈានដល់ ៤៣,១២ លានដុល្លារក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាមានតម្លៃ ១៦,១៦ លានដុល្លារ កើនឡើងយ៉ាងខ្លាំងដល់ ៥៦,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលទំនិញពីប្រទេសឥណ្ឌាមានចំនួនសរុប ២៦,៩៦ លានដុល្លារ កើនឡើង ៣១,៥ ភាគរយបើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២៥។

កំណើនពាណិជ្ជកម្មទ្វេភាគីនេះ បានឆ្លុះបញ្ចាំងពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលគាំទ្រដោយការតភ្ជាប់ធុរកិច្ច និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មឱកាសពាណិជ្ជកម្មនៅគ្រប់វិស័យ៕

អត្ថបទ៖ ប៊ី