ទេសចរណ៍ភាពយន្ត ជួយជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍លើកឡើងថា ទេសចរណ៍ភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។

ឯកឧត្តម ហួត ហាក់ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាគណៈអធិបតីក្នុង «ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន» នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

តាមរយៈសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាមន្រ្តីរាជការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានញុំាងឱ្យកម្មវិធីសម្រេចបានដោយជោគជ័យ និងជាការការអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការរំលឹកជោគជ័យនៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្ត។ តាមរយៈព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ ទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរដោយស្មោះចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានសហការជាមួយក្រុមការងារមកពីគ្រប់ផ្នែក ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងភាពអស្ចារ្យ ដើម្បីផ្តល់ជាអាហារចក្ខុដ៏មានគុណតម្លៃ ជូនដល់សាធារណជនយើងទាំងក្នុងទិដ្ឋភាពអប់រំ វប្បធម៌ ទេសចរណ៍ និងការកម្សាន្ត។

ឯកឧត្តម បានថ្លែងបន្តថា ទន្ទឹមនឹងនេះ ការរៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី១០» នាឱកាសនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ ភាពទាក់ទាញ និងភាពរស់រវើកនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ហួត ហាក់ បានបន្តថា ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្ត និងចំណេះដឹងតាមរយៈសិល្បៈភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែ គឺជាវេទិកាដ៏មានគុណតម្លៃក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិនឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ហើយក៏បង្កើតជានូវទេសចរណ៍ភាពយន្ត (Film Tourism) ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង ១០ ម៉ឺននាក់៕

អត្ថបទ៖ ប៊ី