កម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Cambodia គ្រោងនឹងចំណាយទុនវិនិយោគជាង ៣ ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត ពីក្រុមហ៊ុន Boeing។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក។
ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ដូច្នេះ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចម ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦ នៅសហរដ្ឋអាមេរិក (ត្រូវនឹងសុក្រនៅកម្ពុជា)។

ឯកឧត្តម Christopher Landau បានស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តម Christopher Landau បានថ្លែងដូច្នេះ ៖«យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ ដោយផ្អែកលើការយកចិត្តទុកដាក់របស់រដ្ឋបាលយើងទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត»។

ឯកឧត្តម បានបន្តថា ៖«កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូរបស់យើងនូវឧត្តមភាពរបស់អាមេរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាមេរិក»។
សូមបញ្ជាក់ផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១៥ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦” ៕
អត្ថបទ៖ ប៊ី


