គម្រោងចំនួន ៣៥ តម្លៃ​ ១៥៦ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្តពីរដ្ឋាភិបាល

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ពិនិត្យលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារអាម៉េរិក។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី ២៣ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣៥ គម្រោងនេះ ក្នុងខេត្តព្រះសីហនុ។

គម្រោងទាំងនេះ រួមមានជាអាទិ៍ សួនឧស្សាហកម្មសម្រាប់រោងចក្រក្នុងវិស័យសត្វចិញ្ចឹម, រោងចក្រកែច្នៃគ្រឿងសង្ហារិម, រោងចក្រកែច្នៃសំណល់, រោងចក្រផលិតបំពង់ទឹក, ស្ថានីយសាករថយន្តអគ្គិសនី, សិប្បកម្មផលិតប្រេងឆា, រោងចក្រផលិតកេសកាតុង, អគារពហុមុខងារ, សណ្ឋាគារ និង ផ្សារទំនើប ជាដើម ដែលរំពឹងថានឹងបង្កើតឱកាសការងារថ្មីៗរាប់ពាន់កន្លែងបន្ថែមទៀត ។

តាមដានជាមួយយើង៖ Million Times

ជាមួយនេះ អង្គប្រជុំបានពិភាក្សាអំពីលទ្ធភាព ជម្រើស និងគោលការណ៍នានា ដែលគួរកែសម្រួល និង អាចអនុវត្តបាន ដើម្បីផ្តល់ការលើកទឹកចិត្ត និង ទាក់ទាញការវិនិយោគ ដែលមានគុណភាព មានតម្លៃបន្ថែម បង្កើតការងារ ។ល។ ទាំងគម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុសម្រេចបានលទ្ធផលល្អប្រសើរ ដោយឈរលើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការខ្ពស់ពីក្រសួងស្ថាប័ន។ លទ្ធផលនេះ រួមមាន ការផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤១៣ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨ ប៊ីលានដុល្លារ និង ប៉ាន់ស្មានបង្កើតការងារ ជាង ៥៥ ០០០ កន្លែង, ជំរុញឱ្យអគារជាប់គាំងចំនួន ៧៦ គម្រោងបន្តសាងសង់ឡើងវិញ និង ៣០ គម្រោងផ្សេងទៀតបានសាងសង់រួចរាល់ និង ដំណើរការអាជីវកម្ម, និង បានទាក់ទាញគម្រោងវិនិយោគថ្មីបានចំនួន ១៧៩ គម្រោង។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ។ យោងតាមការសម្រេចនេះ, ក្រុមការងារមានភារកិច្ចធំៗ ចំនួន ២ ដែលត្រូវបន្តអនុវត្តដោយយកចិត្តទុកដាក់ ក្នុងនោះការងារទី ១ គឺបន្តទាក់ទាញគម្រោងវិនិយោគដែលមានសក្តានុពលមកវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងថែរក្សា និង គំាពារគម្រោងវិនិយោគដែលមានស្រាប់ឱ្យដំណើរការដោយរលូន និង អាចមានលទ្ធភាពពង្រីកគម្រោងវិនិយោគរបស់ខ្លួន នាពេលអនាគត, និង ការងារទី ២ គឺជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា, និង ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ ។

បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យលេខាធិការដ្ឋានបន្តសម្របសម្រួល និង ជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ ឱ្យមកចូលរួមក្នុងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និង ពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្មក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគ ។ វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ៖ ១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕