“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ជួយលើកកម្ពស់ផលិតផលផលិតក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ

ក្រសួងពាណិជ្ជកម្ម បានសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់។

នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង រីថែល នៃក្រុមហ៊ុនជីបម៉ុង សិប្បករ-ផលិតករក្នុងស្រុក និងតំណាងពីវិស័យឯកជនជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង រីថែល នៃក្រុមហ៊ុនជីបម៉ុង ដែលបានផ្តល់ជាទីតាំងសម្ពោធ និងតំណាងសិប្បករ-ផលិតករក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកចូលរួមទាំងអស់ដែលបានឆ្លៀតឱកាសក្នុងទិវានៃក្តីស្រឡាញ់ ដើម្បីចូលរួមក្នុងពិធីសម្ពោធដ៏មានអត្ថន័យនាថ្ងៃនេះ។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ-ផលិតផលករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ ផលិតផលជាតិ។

លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ៖«យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិនៅនឹងកន្លែង»។

លោកជំទាវរដ្ឋមន្រ្តី បន្តថា ការកំណត់យកថ្ងៃទី១៤ កុម្ភៈ ប្រារព្ធឡើងនូវ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ពិតជាមានអត្ថន័យដ៏សំខាន់និងជ្រាលជ្រៅក្នុងសមានចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើង គឺដើម្បីបង្ហាញអំពី “ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង!”។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បី៖

– បង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។

– ផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន។

“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។ មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង ៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ៕

អត្ថបទ៖ ប៊ី