ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទីពុធ ទី១១ ខែកុម្ភៈ កន្លងទៅនេះ បានរៀបចំសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់បទពិសោធន៍អ្នកប្រើប្រាស់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដើម្បីធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យា ដែលនឹងដើរតួជាស្ពានតភ្ជាប់រវាងនវានុវត្តន៍ករ និងអ្នកវិនិយោគក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។
សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធ ដើម្បីកែលម្អថ្នាលបច្ចេកវិទ្យានេះដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងការតភ្ជាប់ និងជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រវាងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងទីផ្សារតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាស៊ាន (ASEAN COSTI) ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ឯកឧត្តមបានលើកឡើងថា៖ “មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាក្នុងតំបន់ដ៏រឹងមាំមួយនឹងក្លាយជាកម្លាំងចលករ ដែលអនុញ្ញាតិឱ្យប្រទេសនីមួយៗក្នុងតំបន់អាចប្រែក្លាយគំនិតទៅជាអាជីវកម្ម លទ្ធផលស្រាវជ្រាវទៅជាសមិទ្ធផល និងភាពជាដៃគូទៅជាវឌ្ឍនភាពពិតប្រាកដ។ នេះគឺជាអ្វីដែលយើងប្តេជ្ញាចិត្តសម្រេចឱ្យបានសម្រាប់មនុស្សជំនាន់ក្រោយ។”
សិក្ខាសាលានេះទទួលបានការគាំទ្រពីមូលនិធិពាណិជ្ជកម្ម និងវិនិយោគកាណាដាសម្រាប់ការអភិវឌ្ឍ។ អ្នកចូលរួមសិក្ខាសាលាបានធ្វើតេស្តសាកល្បងចំណុចប្រទាក់អ្នកប្រើប្រាស់ (User Interface) និងពិនិត្យឡើងវិញនូវលំហូរការងារ ទាំងលើការផ្ដល់ជូនបច្ចេកវិទ្យា ការស្វែងរកបច្ចេកវិទ្យា និងគម្រោងកិច្ចសហប្រតិបត្តិការនានា។
លោកស្រី Emily Alexander ទីប្រឹក្សា និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃស្ថានបេសកកម្មកាណាដាប្រចាំ អាស៊ាន បានលើកឡើងថា៖ «កាណាដាផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើបរិវត្តកម្មឌីជីថល។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា សិក្ខាសាលាទាំងអស់កន្លងមកបានផ្តល់ផ្លែផ្កា និងជាចំណែកសំខាន់ក្នុងការកែលម្អថ្នាលបច្ចេកវិទ្យានេះឱ្យកាន់តែប្រសើរឡើង»។

លោកបណ្ឌិត Kittisak Kaweekijmanee មន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាស៊ាន បានកត់សម្គាល់ថា ទោះបីជាការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងតំបន់មានកំណើនជាមធ្យម ៨,៥ ភាគរយ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៣ ក៏ដោយ ក៏បណ្ដារដ្ឋសមាជិកជាច្រើននៅមានបញ្ហាប្រឈមក្នុងការទាញយកប្រយោជន៍ពាណិជ្ជកម្មពីការស្រាវជ្រាវទាំងនោះដែរ។
លោកបណ្ឌិតបានលើឡើងថា៖ «នៅមានគម្លាតខ្ពស់រវាងការបង្កើតចំណេះដឹង និងការយកចំណេះដឹងទាំងនោះទៅអនុវត្តជាក់ស្តែង។ ការណ៍នេះបង្ហាញច្បាស់ពីភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបច្ចេកវិទ្យា និងយន្តការតំបន់ឱ្យកាន់តែរឹងមាំ។ មតិកែលម្អពីសិក្ខាសាលាមានសារសំខាន់បំផុតក្នុងការធានាថា មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យានេះ នឹងវិវត្តខ្លួនទៅជាប្រយោជន៍សាធារណៈសម្រាប់តំបន់ប្រកបដោយប្រសិទ្ធភាព»។
តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ឆ្នាំ២០៣០ និងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) តំបន់អាស៊ានកំពុងកៀរគរធនធាន ដើម្បីសម្រេចបេសកកម្មយុទ្ធសាស្ត្រចំនួន ៨ ដែលរាប់ចាប់តាំងពីសន្តិសុខស្បៀង និងថាមពល រហូតដល់សេវាកម្មក្លោដ និងអព្យាក្រឹតភាពកាបូន។ ទន្ទឹមនឹងនេះ នៅត្រឹមឆ្នាំ២០៣០ ថ្នាក់ដឹកនាំតំបន់មានគោលដៅសម្រេចឱ្យបាននូវសាកលកម្មសេវាតម្រូវការចាំបាច់ និងពង្រីកទីផ្សារនាំចេញអេឡិចត្រូនិក ដែលជាផ្នែកមួយនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ានមានចក្ខុវិស័យប្រែក្លាយអាស៊ានជាតំបន់នៃលំហូរចំណេះដឹងដោយសេរី ជាកន្លែងដែលការស្រាវជ្រាវបង្កើតឱ្យមានឥទ្ធិពលជាក់ស្តែង និងជាទីដែលការផ្ទេរបច្ចេកវិទ្យាជាកម្លាំងចលករនៃឧត្តមភាពប្រកួតប្រជែង និងវិបុលភាព។ តាមរយៈការនាំយកនវានុវត្តន៍ចេញពីមន្ទីរពិសោធន៍ទៅកាន់ឧស្សាហកម្ម មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន នឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់រុញច្រានតំបន់អាស៊ានឱ្យសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន៕
អត្ថបទ៖ ប៊ី ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍


