អបអរសាទរ! ផ្លូវថ្មើរជើងចតុមុខ ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ

ផ្លូវថ្មើរជើងចតុមុខ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបានរយ:ពេល ១ ឆ្នាំហើយ។ នេះបើយោងការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង ៦ ល្ងាច រហូតដល់ម៉ោង ១១ យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។

ផ្លូវ ១ ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ ម៉ឺន ទៅ ១០ ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០ កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ ១.០០០ នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ ៤០០ស្តង់ ផ្សេងទៀត។

តាមដានជាមួយយើង៖ Million Times

រាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង ២០ សម្រាប់ឆ្នាំ ២០២៦ នេះ ផងដែរ។

ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ៕​

អត្ថបទ៖ ប៊ី