ក្រុមហ៊ុន KH HAITECH គ្រោងបោះមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ និងនាំយកបច្ចេកវិទ្យាតម្លៃសមរម្យមកកម្ពុជា

ក្រុមហ៊ុន KH HAITECH បានបង្ហាញបំណងបង្កើតមូលដ្ឋានផលិតកម្មរបស់ខ្លួននៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាតម្លៃសមរម្យ និងគាំទ្រឧស្សាហូបនីយកម្ម ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ក្នុងជំនួបសំដែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុនបានបង្ហាញពីបំណងអភិវឌ្ឍរោងចក្រដែលស្វ័យប្រវត្តិកម្មខ្ពស់ និងមានសមត្ថភាពផ្លាស់ប្ដូរតាមតម្រូវការ ព្រមទាំងផ្គត់ផ្គង់ថេប្លេត (tablet) តម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា សំ សុខនឿន បានលើកឡើងថា ក្រុមហ៊ុន KH HAITECH ត្រូវបានបង្កើតឡើងជាការវិនិយោគរួមទុនរវាងសហគ្រាសកម្ពុជា និងដៃគូពីប្រទេសចិន និងសិង្ហបុរី ដោយគ្រោងបង្កើតម៉ាកយីហោខ្មែរ។ លោក Dennis Lye Ngaic Seong ស្ថាបនិក និងនាយករបស់ក្រុមហ៊ុននេះ បានបន្ថែមថា ក្រុមហ៊ុនកំពុងសិក្សាទីតាំងមួយចំនួន សម្រាប់បង្កើតមូលដ្ឋានផលិតកម្ម និងបានបញ្ជាក់ថា សេវាប្រើប្រាស់ចាំបាច់ ពិសេសថាមពលអគ្គិសនី គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសទីតាំងវិនិយោគ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍គម្រោងនេះ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការគាំទ្រវិនិយោគិន ដោយគាំទ្រដំណើរការបង្កើតរោងចក្រ ការអនុម័តប្លង់បច្ចេកទេសរោងចក្រ ការចេញប្រកាសដំណើរការរោងចក្រ ស្តង់ដារ ការការពារកម្មសិទ្ធិឧស្សាហកម្ម និងសេវាមន្ទីរពិសោធន៍ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញ ក្រុមហ៊ុន KH HAITECH ចូលរួមតាំងបង្ហាញផលិតផល បច្ចេកវិទ្យា និងដំណោះស្រាយរបស់ខ្លួននៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៦ ដែលជាវេទិកាសម្រាប់ផ្សារភ្ជាប់នវានុវត្តន៍ករ ផលិតករ ឧស្សាហករ និងអ្នកប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា៕

អត្ថបទ៖​​ ប៊ី