លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់នូវអនុសាសន៍មួយចំនួន ៧ ដើម្បីជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា ពិសេស ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត។
ការផ្តល់នូវអនុសាសន៍របស់ លោកជំទាវ ចម និម្មល ត្រូវបានឡើង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ “មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” កាលពីថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក ជាពិសេសការបន្តចរចាបើកទីផ្សារ សក្តានុពលថ្មីៗទាំងទ្វេភាគីនិងពហុភាគី។
ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា ដូចតទៅ៖
ទី១- សភាពាណិជ្ជកម្មកម្ពុជា ត្រូវបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និងបន្តពង្រឹងកិច្ចសហការទំនាក់ទំនងការងារជាមួយក្រសួង-ស្ថប័នពាក់ព័ន្ធ។
ទី២- សភាពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងអភិបាលកិច្ច និងលើកម្ពស់ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានក្នុងវិស័យពាណិជ្ជកម្ម សំដៅធានាបាននូវសុចរិតភាពនិងអនុលោមភាពនៃការធ្វើធុរកិច្ច និងបរិយាកាសធុរកិច្ច ប្រកបដោយការប្រកួតប្រជែង តម្លាភាព ស្មើភាព និងយុត្តិធម៌ នៅលើទីផ្សារ។

ទី៣- លើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក បន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាព និងផលិតភាព ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគីនានា ដែលកម្ពុជាជាសមាជិក និងដើម្បីត្រៀមខ្លួនសម្រាប់ដំណើរចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាឆ្នាំ២០២៩ ខាងមុខនេះ។
ទី៤- លើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក ដែលមានផលិតផល និងសេវាកម្មដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត ក៏ដូចជា ជំរុញការផ្គត់ផ្គង់និងបំពេញបន្ថែមឱ្យគ្នា សំដៅធានាបានការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រតិគមន៍។
ទី៥- លើកទឹកចិត្ត ដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស ខិតខំទាក់ទាញដៃគូពាណិជ្ជកម្មក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យផលិតនិងកែច្នៃកសិ-ឧស្សាហកម្ម និងផលិតផលប្រើប្រាស់ចាំបាច់ផ្សេងៗ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។
ទី៦- អំពាវនាវនិងលើកទឹកចិត្ត ដល់វិនិយោគិន ឬសហគ្រាសធំៗក្នុងស្រុក តាមរយៈសភាពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យបន្តចូលរួមរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងចលនាទីផ្សារនៅតាមខេត្ត សម្រាប់អាជីវករ សហគ្រិន និងកសិករខ្នាតតូច នៅតាមមូលដ្ឋាន និងស្រូបទិញកសិផល ជាពិសេស សភាពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវចូលរួមអភិវឌ្ឍសក្តានុពលនិងឧត្តមភាពក្នុងមណ្ឌលរាជធានី-ខេត្តនីមួយៗ។
ទី៧- អំពាវនាវនិងលើកទឹកចិត្ត ដល់វិស័យឯកជន បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់ និងដាក់លក់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈ ការបង្កលក្ខណៈអំណាយផលដល់ការដាក់តាំងនិងលក់ផលិតផលខ្មែរ ក៏ដូចជា ការចូលរួមនិងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាទាំងក្នុងនិងក្រៅប្រទេស។

នាឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា មានប្រសាសន៍ថា វិស័យឯកជនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាដៃគូសហការស្អិតល្មួតជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថាបរិយាកាសបទប្បញ្ញត្តិ នៅតែមានភាពប្រកួតប្រជែង និងតម្លាភាព។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា ឈានចូលដល់ឆ្នាំ ២០២៦ គឺមិនត្រឹមតែជាការសម្គាល់ឆ្នាំសារពើពន្ធ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឈានចូលទៅក្នុង «យុគសម័យថ្មី» នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងដូច្នេះថា ៖«យើងត្រូវតែធ្វើលើសពីវិធីសាស្ត្រធម្មតាៗ។ សភាពាណិជ្ជកម្មកម្ពុជានឹងកំណត់ជាអាទិភាពគាំទ្រសមាជិកក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថល ដើម្បីធានាថា សហគ្រិនរបស់យើង ចាប់តាំងពីរាជធានីភ្នំពេញរហូតដល់បណ្តាខេត្តនានា អាចប្រកួតប្រជែងនៅក្នុងទីផ្សារឌីជីថលដែលគ្មានព្រំដែន»៕
អត្ថបទ៖ ប៊ី


