ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងរង្វង់ ៥% នៅឆ្នាំ ២០២៦ នេះ

ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សម្រាប់ទស្សនវិស័យឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុង រង្វង់ ៥% និងអត្រាអតិផរណា ២,៣%។ នេះបើយោងតាមរបាយការណ៍ប្រចាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

នយោបាយរូបិយវត្ថុនឹងត្រូវបន្តអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្ន ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ដែលនឹងគាំទ្រដល់ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងភាពធន់ប្រព័ន្ធធនាគារ តាមរយៈការពង្រឹង ក្របខណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្អែកលើហានិភ័យនិងទស្សនៈអនាគត ដើម្បីបន្តការពារ ស្ថិរភាពហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធទូទាត់នឹងត្រូវបានធ្វើទំនើបកម្មជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

តាមដានជាមួយយើង៖ Million Times

ប្រព័ន្ធការពារប្រាក់បញ្ញើក៏កំពុងត្រូវបានអភិវឌ្ឍ ដើម្បីពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តលើប្រព័ន្ធធនាគារ ស្របពេលដែលសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព និងផែនទី ចង្អុលទិសហិរញ្ញវត្ថុប្រកបដោយចីរភាព គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទោះយ៉ាងណាសេដ្ឋកិច្ចបន្តប្រឈមនឹងហានិភ័យពីខាងក្រៅ ជាពិសេសភាពតានតឹងភូមិសាស្ត្រនយោបាយ ឥទ្ធិពលនៃ ការប្រែប្រួលអាកាសធាតុ និងការឆបោកតាមប្រព័ន្ធអនឡាញ ខណៈដែលទទួលរងសម្ពាធពីកត្តាខាងក្នុង មួយចំនួនដូចជា ភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ និងផលប៉ះពាល់ពីការអូសបន្លាយ ជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ បានថ្លែងក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៥ ថា ធនាគារជាតិនៃកម្ពុជានឹងបន្តដាក់ចេញគោលនយោបាយនិងវិធានការបុរេសកម្ម ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ សំដៅរួមចំណែកសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកជំទាវបណ្ឌិត បានឱ្យដឹងថា ៖«ក្នុងទិសដៅនេះ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការពង្រឹង ភាពរឹងមាំប្រព័ន្ធធនាគារនិងប្រសិទ្ធភាពប្រព័ន្ធទូទាត់ ការលើកកម្ពស់បរិយាបន្ននិងនវានុវត្តន៍ហិរញ្ញវត្ថុ និងការអភិវឌ្ឍហិរញ្ញប្បទានបៃតង នឹងត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏នឹងបន្តពង្រឹងក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ ព្រមទាំងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយនិងបណ្តុះបណ្តាល ក្នុងគោលដៅពង្រឹងការយល់ដឹង ជំរុញការចូលរួមទប់ស្កាត់និងបង្ការ ក៏ដូចជា បង្កើនប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

អត្ថបទ៖ ប៊ី