កម្ពុជា-ជប៉ុន នឹងរៀបចំកម្មវិធីជំនួបធុរកិច្ចស្វាយចន្ទី នៅខែមីនាខាងមុខ

សមាគមស្វាយចន្ទីកម្ពុជា (សសក) សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នឹងរៀបចំកម្មវិធីជំនួបធុរកិច្ច (B2B) រវាងសហគ្រាសកែច្នៃស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនបញ្ជាទិញជប៉ុននៅក្នុងខែមីនា ក្នុងគោលបំណងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។ នេះបើយោងតាមការបញ្ជាក់របស់ សសក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ។

ក្រោមគំនិតផ្ដួចផ្ដើមនេះ ក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជាប្រហែល ៤០ សហគ្រាស នឹងជួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនប្រហែល ២០ ក្រុមហ៊ុន ដែលបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនៅពេលនោះកាលវិភាគសម្រាប់ការមកដល់នៃក្រុមហ៊ុនជប៉ុនត្រូវបានបញ្ជាក់ជាផ្លូវការ។

តាមដានជាមួយយើង៖ Million Times

យោងតាមផែនការ គណៈប្រតិភូជប៉ុនត្រូវបានរំពឹងថានឹងមកទស្សនកិច្ចនៅការិយាល័យកណ្តាល សមាគម ស្វាយចន្ទីកម្ពុជា ក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៩ ខែមីនា រួមទាំងការចុះទៅពិនិត្យផ្ទាល់នៅទីតាំងប្រតិបត្តិការស្វាយចន្ទីក្នុងស្រុកផងដែរ។ សសក នឹងជួយសម្របសម្រួលក្នុងការរៀបចំដំណើរទស្សនកិច្ច និងការតភ្ជាប់ជាមួយក្រុមហ៊ុនក្នុងស្រុកដែលពាក់ព័ន្ធ។ ចំណែកកម្មវិធីជំនួបធុរកិច្ច B2B ដ៏សំខាន់ ដែលមានការចូលរួមពីសមាជិក សសក នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែមីនា ក្នុងរាជធានីភ្នំពេញ។

បន្ថែមលើការង្រឹងចំណងពាណិជ្ជកម្មវិស័យស្វាយចន្ទីជាមួយប្រទេសជប៉ុន សសក ក៏កំពុងខិតខំធ្វើពិពិធកម្មទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ផងដែរ។ ក្នុងខែកុម្ភៈ សមាគមនឹងសម្របសម្រួលកម្មវិធីជំនួបធុរកិច្ច B2B មួយផ្សេងទៀតរវាងអាជីវករកម្ពុជា និងក្រុមហ៊ុនចិនចំនួន ១០ ដែលមានបំណងទិញគ្រាប់ស្វាយចន្ទីឆៅ និងសំបកគ្រាប់ស្វាយចន្ទី។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមជំរុញសេដ្ឋកិច្ចឧស្សាហកម្ម ចិន-កម្ពុជា។

លើសពីនេះ សសក រួមជាមួយក្រុមហ៊ុន CSNC Agriculture និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងរៀបចំកម្មវិធីជំនួបធុរកិច្ច B2B ដាច់ដោយឡែកមួយទៀត ដែលមានការចូលរួមពីកសិករ អាជីវករ និងសហគមន៍កសិកម្ម។ កម្មវិធីនេះគ្រោងនឹងធ្វើឡើងនៅដើមខែកុម្ភៈ ក្នុងគោលបំណងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងធុរកិច្ចគ្រាប់ស្វាយចន្ទីថ្មីៗ និងពង្រឹងការតភ្ជាប់នៅទូទាំងខ្សែច្រវាក់តម្លៃស្វាយចន្ទី។

កិច្ចខិតខំប្រឹងប្រែងប្រកបដោយការសម្របសម្រួលទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ សសក ក្នុងការលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា ពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងបង្កើនឱកាសពាណិជ្ជកម្មសម្រាប់កសិករ អាជីវករ និងអ្នកកែច្នៃ៕

អត្ថបទ៖ ប៊ី