រដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាកាតាលីករជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង។

ឯកឧត្តម ហួត ហាក់ បានថ្លែងដូច្នេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន ក្នុងគោលបំណង(១) ពង្រឹងក្រុមការងារចំនួន ៤ មានក្រុមអ្នកនាំពាក្យ, ក្រុមការងារ influencers, ក្រុមការងារ Media, ក្រុមការងារបរិវត្តកម្មឌីជីថល,(២) ពង្រឹងសង្គតិភាពនិងសុខដុមនីយកម្មនៃក្រុមការងារ និង (៣) ពង្រឹងប្រសិទ្ធភាពការងារជាលក្ខណៈអេកូស៊ីសស្តែម ដោយបានវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន, តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន ៤០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន គឺមានភាពប្រទាក់ក្រឡា និងត្រូវមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការត្រៀមខ្លួនរួចជាស្រេចនៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។ ក្នុងន័យនេះ យើងត្រូវយកចិត្តទុកដាក់ទាំងលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ព្រមទាំងការឆ្លើយតបនិងវាយបក ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការងារក្រុមអ្នកនាំពាក្យ ត្រូវកំណត់វិធានការជាក់លាក់ ឱ្យស្របតាមគោលការណ៍បុរេសកម្ម សកម្ម អន្តរសកម្ម និងប្រតិកម្ម។ ពាក់ព័ន្ធនឹងការងារមេឌៀរ និង Influencers ត្រូវពង្រឹងសមត្ថភាព ជំនាញ AI ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលវិវត្តឥតឈប់ឈរ និង រិតចំណងជិតស្និទ្ធជាមួយក្រុមអ្នកផលិតមាតិកាព័ត៌មាន។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដល់ក្រុមការងារបរិវត្តកម្មឌីជីថល ត្រូវពន្លឿនការងារ Visit App Cambodia, Visit Cambodia Web site, ពង្រឹងការងារ Hotline 1221, ជំរុញលំហូរចរន្តឯកសាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើតMedia Server សម្រាប់ផ្ទុកទិន្នន័យ រូបភាព និងវីដេអូជារួមរបស់ក្រសួងទេសចរណ៍ផងដែរ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំក្រុមការងារទំនាក់ទំនងសាធារណៈ និងព័ត៌មាន នឹងរៀបចំឡើងជារៀងរាល់ ៣ ខែ ម្តង៕

អត្ថបទ៖ ប៊ី