គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញ បំណងពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតរបស់ខ្លួននៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់វិស័យឯកជនជប៉ុនក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា។
គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តម Eguchi Tetsuro អភិបាលរងទីក្រុងគីតាគ្យូស៊ូ រួមមានតំណាង អង្គភាពទឹកស្អាតនិងទឹកកខ្វក់របស់ក្រុង សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសនៃទីក្រុងគីតាគ្យូស៊ូ (KOWBA) និងតំណាងក្រុមហ៊ុនឯកជនជប៉ុន។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ទីក្រុងនិងប្រជាជនគីតាគ្យូស៊ូ ចំពោះការបន្តគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា ព្រមទាំងបានរំលេចថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ធ្វើឡើងស្របពេលនឹងសិក្ខាសាលាស្តីពីទឹកស្អាតនិងទឹកកខ្វក់ កម្ពុជា-ជប៉ុន ដែលនឹងរៀបចំឡើងនៅថ្ងៃបន្ទាប់។

ឯកឧត្តមបានលើកឡើងថា៖ “យើងរីករាយដែលទីក្រុងគីតាគ្យូស៊ូបាននាំយកក្រុមហ៊ុនក្នុងវិស័យទឹកស្អាតជាច្រើនរបស់ជប៉ុនមកសហការជាមួយកម្ពុជា។ វិស័យនេះមានសារសំខាន់មិនត្រឹមតែសម្រាប់សុខភាពសាធារណៈ និងការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជំរុញវិស័យធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។”
កាលពីខែតុលា ឆ្នាំ២០២៥ ទីក្រុងគីតាគ្យូស៊ូ និងសមាគម KOWBA បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានប្រវត្តិតាំងពីឆ្នាំ១៩៩៦មក។
ឯកឧត្តមអភិបាលរងទីក្រុងបានលើកឡើងថា៖ “ភាពជាដៃគូនេះមានលក្ខណៈរឹងមាំ និងយូរអង្វែង។ យើងសូមបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ហើយនឹងប្តេជ្ញាចិត្តជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ដើម្បីបង្កើតសមិទ្ធផលជាក់ស្តែងរួមគ្នា។”
គណៈប្រតិភូ រួមមានក្រុមហ៊ុនឯកជនជប៉ុនចំនួន១៥ ជាសមាជិកសមាគម KOWBA ដែលមានជំនាញចម្រុះ រាប់ចាប់តាំងពីប្រព័ន្ធប្រព្រឹត្តិកម្ម ម៉ាស៊ីនបូមទឹក ទុយោទឹក វ៉ានទឹក និងក្រុមហ៊ុនសាងសង់រោងចក្រទឹកស្អាត រហូតដល់ដំណោះស្រាយបច្ចេកវិទ្យា ប្រព័ន្ធគ្រប់គ្រង ការត្រៀមបង្ការគ្រោះមហន្តរាយ ការកាត់បន្ថយទឹកបាត់បង់ បច្ចេកវិទ្យាភ្នាសនិងចម្រោះទឹក និងក្រុមហ៊ុនផលិតសារធាតុគីមីសម្រាប់ប្រព្រឹត្តិកម្មទឹកជាដើម។ បច្ចេកវិទ្យាទាំងនេះនឹងត្រូវតាំងបង្ហាញក្នុងសិក្ខាសាលានៅថ្ងៃបន្ទាប់ ហើយក្រុមហ៊ុនមួយចំនួន ដែលមានប្រតិបត្តិការនៅប្រទេសជិតខាង ក៏កំពុងស្វែងរកការពង្រីកខ្លួនមកកម្ពុជាផងដែរ។
ឯកឧត្តមអភិបាលរងក្រុងបានបន្ថែមថា៖ “ក្រុមហ៊ុនរបស់យើងមានបំណងចូលមក និងពង្រីកប្រតិបត្តិការនៅកម្ពុជាសម្រាប់រយៈពេលវែង មិនមែនសំឡឹងប្រាក់ចំណេញរយៈពេលខ្លីនោះទេ។ យើងនឹងសហការជាមួយកម្ពុជាជាច្រើនឆ្នាំ និងច្រើនទសវត្សរ៍ទៅមុខ។”
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ទោះបីកម្ពុជា និងជប៉ុនបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាមួយគ្នា ក្នុងរយៈពេលប្រមាណបីទសវត្សរ៍កន្លងមកនេះ ប៉ុន្តែចំនួនគ្រួសារដែលនៅពុំទាន់ទទួលបានសេវាទឹកស្អាតនៅមានច្រើនទៀត ដែលបង្ហាញថា វិស័យនេះនៅតែជាអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងក៏ជាឱកាសសម្រាប់ធុរកិច្ចជប៉ុនផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកំពុងបន្តពង្រឹងកំណែទម្រង់ និងបញ្ញត្តិកម្មក្នុងវិស័យនេះ តាមរយៈការវាយតម្លៃប្រតិបត្តិករទូទាំងប្រទេស និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត៕
អត្ថបទ៖ ប៊ី


