ក្រុមហ៊ុន សីលវីខលឆឺរា ឯ.ក (Bracam Sil Vicultura Co., Ltd.) បានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលមានទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ២០០ កន្លែង។
ការស្នើនេះ ត្រូវបានធ្វើឡើង កាលថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៦ អំឡុងពេល ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើគម្រោងវិនិយោគនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, បរិស្ថាន, ដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលភូមិឃុំស្រុក ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីតប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ ។
ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក មានទីស្នាក់ការធំនៅប្រទេសចិន ហើយបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបណ្តាក់ទុនធ្វើអាជីវកម្មនៅប្រទេសកម្ពុជា តាមរយៈការបង្កើត និងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយផ្តោតជាសំខាន់លើការផលិតគ្រឿងសង្ហារឹម។
កន្លងមក ក្រុមហ៊ុនតែងតែនាំចូលវត្ថុធាតុដើមពីប្រទេសថៃ វៀតណាម ប្រេស៊ីល និងអាម៉េរិក ប៉ុន្តែ តាមរយៈគម្រោងនេះ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចបង្កើត និងផ្គត់ផ្គង់វត្ថុធាតុដើម ដែលផលិតក្នុងប្រទេសកម្ពុជា ដែលអាចចូលរួមបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។
អង្គប្រជុំជារួមបានស្វាគមន៍គម្រោងវិនិយោគនេះ ដែលនឹងចូលរួមបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ កាត់បន្ថយការធ្វើពលករចំណាកស្រុករបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបានបង្ហាញឆន្ទៈនៅក្នុងការផ្តល់កិច្ចសហការគាំទ្រ តាមដែនសមត្ថកិច្ចរៀងៗខ្លួន។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន ក៏បានលើកទឹកចិត្តឱ្យអនុគណៈកម្មាធិការវិនិយោគ ខិតខំពង្រឹងសមត្ថភាពបច្ចេកទេស នៅក្នុងការគ្រប់គ្រងទិន្នន័យ ការផ្តល់សេវា និងការថែទាំគម្រោងវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។ ឯកឧត្តម ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បូករួមទាំងរដ្ឋបាលមូលដ្ឋានភូមិ ឃុំ ស្រុក ចូលរួមទាក់ទាញ និងថែរក្សាវិនិយោគ ដោយផ្តល់នូវការគាំទ្រចាំបាច់នានា នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការបង្កការរំខានណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការវិនិយោគ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងយន្តការ «ច្រកចេញចូលតែមួយ» ក្នុងការសម្របសម្រួលអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលផ្អែកលើការសម្រេចចិត្តរួមគ្នា ដោយតម្លាភាព និងប្រសិទ្ធភាព ព្រោះថា វិស័យឯកជនត្រូវការចាំបាច់នូវការសម្របសម្រួលជាប្រព័ន្ធ ដែលអាចជឿទុកចិត្តបាន ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងមានអនុលោមភាពគតិយុត្តិ។
បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដែលមានទីតាំងនៅស្រុកអូរគ្រៀលសែនជ័យ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែងនៃទីតាំងវិនិយោគ ទិដ្ឋភាពភូមិសាស្ត្រ និងបច្ចេកទេសនៃគម្រោង ក៏ដូចជា បញ្ហាប្រឈមដែលអាចមានជាយថាហេតុ ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធចាំបាច់ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំក្រុមការងារ ក.វ.ឦសាន ដើម្បីពិនិត្យ និងសម្រេចផ្តល់គោលការណ៍វិនិយោគ នាពេលដ៏ឆាប់ខាងមុខនេះ៕
អត្ថបទ៖ ប៊ី


