ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ៣១ ពាន់លានដុល្លារ

កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កើនឡើងជាង ១៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

ថ្លែង​ពិធី​សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៦​របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កំណើននេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅតែរក្សាបាននូវទីផ្សារសំខាន់ៗរបស់ខ្លួនដែលជាទីផ្សារពិភពលោក ​និងបង្កើន​សក្តានុពលកម្ពុជាក្នុងវិស័យផ្គត់ផ្គង់​ ក្នុងខ្សែច្រវ៉ាក់តម្លៃ និងធានាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញរបស់ខ្លួន។

តាមដានជាមួយយើង៖ Million Times

បើតាមអ្នកនាំពាក្យរូបនេះ ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន អាស៊ាន អូស្រ្តាលីលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ណូវែលហ្សេឡង់ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អេមីរាត់អារ៉ាប់រួម និងឥណ្ឌា។

ទំនិញនាំចេញ សំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរនិង កាបូប សំបកកង់រថយន្ត ស្វាយចន្ទី អង្ករ ដំឡូងមី និងគ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់ រថយន្ត។

លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម​ ជាង៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧.៦៦%​ ដែលពីឆ្លុះបញ្ចាំងពីការរក្សាបាននូវទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួន បើទោះបីជាស្ថិតក្នុងបរិបទសេដ្ឋកិច្ចមិនប្រាកដប្រជា។

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗសម្រេចបានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និងការនាំចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២%៕

អត្ថបទ៖ ប៊ី