បរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា ជួយឱ្យវិស័យឯកជនឱ្យកាន់តែរីកចម្រើន

ក្រុមហ៊ុន TotalEnergies បានលើកឡើងថា កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរទ្បើង បានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងាររវាង លោកជំទាវ ចម និម្មល រដ្ឋមន្តី្រនៃក្រសួងពាណិជ្ជកម្ម និងលោក យ៊ាន លីវ នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies Marketing Cambodia Co., Ltd និងសហការី។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ លោក យ៊ាន លីវ នាយកគ្របគ្រង់ក្រុមហ៊ុន TotalEnergies Marketing Co., Ltd និងសហការី និងបានថ្លែងអបអរសាទរក្នុងឱកាសដែលក្រុមហ៊ុនបានបើកសាខាស្ថានីយប្រេងឥន្ធនៈថ្មីនៅកោះនរាហ៍។ ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន TotalEnergies ដែលបានផ្តល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ធ្វើការវិនិយោគក្នុងវិស័យថាមពលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នា១៩៩៣ មក។

តាមដានជាមួយយើង៖ Million Times

លោកនាយកគ្រប់គ្រង យ៊ាន លីវ បានគោរពថ្លែងអំណរគុណជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី ដែលបានអនុញ្ញាតជូន លោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីវឌ្ឍនភាពសំខាន់ៗ និងការរីកចម្រើន ក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ លោកនាយកគ្រប់គ្រង ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរទ្បើង ដែលបានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នាឱកាសនោះ លោកក៏បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour តាមបណ្តាស្ថានីយប្រេងឥន្ធនៈតូតាល់នៅកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TotalEnergies ដែលបានចូលរួមក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ និងបានលើកទឹកចិត្តឱ្យបន្តចូលរួមឱ្យកាន់តែផុលផុសបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងយុទ្ធនាការរួមគ្នាលើកស្ទួយផលិតផលខ្មែរនិងជំរុញទីផ្សារក្នុងស្រុក៕

អត្ថបទ៖ ប៊ី