ឆ្នាំ ២០២៥ កម្ពុជាទទួលបានចំណូលជាង ៦០០ លានដុល្លារ ពីការនាំចេញអង្ករជាង ៩៤ម៉ឺនតោន

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្ហាញ​ពី​របាយការណ៍​នាំ​ចេញ​អង្ករ​កាលពី​ឆ្នាំ​មុន ដោយ​រយៈពេល ១២ ខែ​នៃ​ឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​ចំណូល​ជាង ៦០០ លាន​ដុល្លារ ពី​ការ​នាំ​ចេញ​អង្ករ ៩៤០ ៣២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករ ៦៨ ទៅកាន់គោលដៅ ៧៥។

តាមដានជាមួយយើង៖ Million Times

ក្នុង​ចំណោម​គោល​ដៅ​នាំ​ចេញ​ទាំង ៧៥ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប ២៨ បាន​បរិមាណ​អង្ករ​ចំនួន ៣៣៩ ៤១៧ តោន និង​គិត​ជា​ទឹកប្រាក់ ២៥៨.២៨ លាន​ដុល្លារ, ទៅ​កាន់​ប្រទេស​ចិន និង​ហុងកុង ២៣១ ១២៥ តោន គិត​ជា​ទឹកប្រាក់ ១៣៨.៣៦ លាន​ដុល្លារ, ទៅ​កាន់​ប្រទេស​ក្នុង​អាស៊ាន ៨ ប្រទេស បាន​បរិមាណ ២៧៣ ៦៥៧ តោន គិត​ជា​ទឹក​ប្រាក់ ១១៧.៦២ លាន​ដុល្លារ ហើយ​ទៅ​កាន់​គោលដៅ ៣៧ ប្រទេស​ផ្សេង​ទៀត​មាន អាហ្វ្រិក មជ្ឈិម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី នូវែលហ្សេឡង់…បាន​ចំនួន ៩៦ ១២២ តោន គិត​ជា​ទឹកប្រាក់ ៨៨.១៥ លាន​ដុល្លារ។

ចំណែក​ប្រភេទ​អង្ករ​ដែល​បាន​នាំ​ចេញ​មាន អង្ករ​ក្រអូប ៦៤.០២%, ប្រភេទ​អង្ករ​សគ្រាប់​វែង ១៣.៧១%, អង្ករ​ចំហុយ ២%, អង្ករ​សរីរាង្គ​ ១.៣២%, អង្ករ​បាក់​គ្រប់ប្រភេទ ១៨.៥៦% និង​អង្ករ​ផ្សេងៗ​ចំនួន ០.៣៩%។



ការនាំចេញអង្ករក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៥ គឺ​មាន​ការ​កើន​ឡើង​ប្រមាណ​ជាង ៤៥% បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៤។ ជាមួយគ្នា​នេះ​ដែរ កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ ៦ ៨៥៩ ៩៣០ តោន​ស្រូវ​សើម ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១៥៧៩.៨៦ លាន​ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ ស.អ.ក