ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រុមហ៊ុន មេគង្គណិត កាលពីចុងខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីដាក់ឱ្យប្រើប្រាស់សេវា Wi-Fi សាធារណៈឥតគិតថ្លៃ នៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងក្រុងកែប រួមទាំងតំបន់ផ្សារក្តាមដ៏ពេញនិយមផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនមេគង្គណិត ដែលចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦។
គំនិតផ្តួចផ្តើមនេះមានគោលបំណងកែលម្អលទ្ធភាពទទួលបានប្រព័ន្ធឌីជីថលសម្រាប់ទាំងប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់បទពិសោធន៍ទេសចរណ៍ទូទៅនៅក្នុងខេត្តកែប។

តាមរយៈការផ្តល់ជូននូវការតភ្ជាប់អ៊ីនធឺណិតដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តនៅតាមទីសាធារណៈ គម្រោងនេះនឹងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ អាជីវកម្មក្នុងស្រុក និងការចូលរួមរបស់សហគមន៍។
ក្រោមស្មារតីនៃកិច្ចព្រមព្រៀងនេះ មេគង្គណិតនឹងរួមចំណែកនូវជំនាញបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធានាបាននូវការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយស្ថិរភាព និងសុវត្ថិភាព នៅតាមតំបន់ទេសចរណ៍សំខាន់ៗដែលបានជ្រើសរើស។ ភ្ញៀវទេសចរនឹងអាចបន្តការតភ្ជាប់ ចែករំលែកបទពិសោធន៍របស់ពួកគេតាមរយៈបណ្តាញសង្គម និងទទួលបានព័ត៌មានទេសចរណ៍ ក៏ដូចជាព័ត៌មានក្នុងស្រុកចាំបាច់នានាក្នុងអំឡុងពេលស្នាក់នៅ។

លោកអេង តារា អនុប្រធានផ្នែកលក់ នៃក្រុមហ៊ុន មេគង្គណិត បានថ្លែងថា ៖«យើងខ្ញុំមានកិត្តិយសណាស់ដែលបានគាំទ្ររដ្ឋបាលខេត្តកែប តាមរយៈគំនិតផ្តួចផ្តើមនេះ»។ លោកបានបន្តថា ៖«នៅ មេគង្គណិត ការតភ្ជាប់គឺលើសពីការប្រើប្រាស់អ៊ីនធឺណិត ពោលគឺវាជាការបង្កើតបទពិសោធន៍ឌីជីថលដ៏មានន័យ។ គម្រោងនេះអនុញ្ញាតឱ្យយើងគាំទ្រដល់វិស័យទេសចរណ៍ ព្រមទាំងផ្តល់នូវការតភ្ជាប់ដែលគួរឱ្យទុកចិត្តសម្រាប់អ្នករាល់គ្នាដែលមកទស្សនាខេត្តកែប»។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ មេគង្គណិត ចំពោះបរិយាបន្នឌីជីថល ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការតភ្ជាប់សហគមន៍នៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមចក្ខុវិស័យរបស់ប្រទេសជាតិសម្រាប់ការរីកចម្រើនប្រកបដោយភាពឆ្លាតវៃ និងបរិយាបន្ន៕

អត្ថបទ៖ ប៊ី


