ក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មចំនួន ២ ចុះកិច្ចសន្យាបន្ថែមទំហំជិត ៧ លានដុល្លារ

ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន ២ ផ្សេងទៀតនៅខេត្តកំពង់ធំ បានចុះកិច្ចសន្យាបន្ថែមទំហំជិត ៧ លានដុល្លារ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។

ការចុះកិច្ចសន្យានេះ ត្រូវបានធ្វើឡើង សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូបនិងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ៦០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤ ម៉ឺនតោន ស្មើនឹង៩,២លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថា កិច្ចសន្យាបន្ថែមទំហំជិត ៧ លានដុល្លារ គឺត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបនៅខេត្តកំពង់ធំ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ដូច្នេះថា «រហូតមកដល់ពេលនេះ ក្រសួងកសិកម្មបានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ ២០០០ គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត ១៥០០០ ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង»៕

អត្ថបទ៖ ប៊ី