ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីណែនាំ លេខ ធ៣៧-០២៥-០២៧ សកណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិននិងជាជនភៀសសឹក មានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អាស្រ័យហេតុនេះ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។
ទន្ទឹមនេះ សម្រាប់យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមទាក់ទងមកលេខទូរសព្ទហត់ឡាញរបស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលដែលមានលេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕

អត្ថបទ៖ ប៊ី


