កម្ពុជា​រក​​ចំណូល​បាន ៥៧៤​ លាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ដំឡូងមី រយៈពេល១១ខែ​ ក្នុងឆ្នាំ ២០២៥

បើ​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ​អះអាង​ថា​ត្រឹម​រយៈ​ពេល ​១១​ ខែ ​ក្នុង​ឆ្នាំ ​២០២៥ ​នេះ ​កម្ពុជា​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ជា ៥៧៤​ លាន​ដុល្លារ​ ​ពី​ការ​នាំ​ចេញ​ដំឡូងមី​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ។ បើ​ធៀប​ជាមួយ​ឆ្នាំ​មុន គឺ​មាន​ការ​ថយ​ចុះ ១៦,១៥%។

តាមដានជាមួយយើង៖ Million Times

​ប្រធាន​សមាគម​កសិកម្ម​ដំឡូងមី​កម្ពុជា ​លោក អិល ឈិញ ​បាន​និយាយ​ថា​ទីផ្សារ​ដំឡូងមី​នៅ​តែ​ជា​បញ្ហា​សម្រាប់កសិករ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ក្នុង​ឆ្នាំ​ ២០២៥ ​នេះ។ ​ដោយសារ​តែ​តម្លៃ​ដំឡូងមី​ស្រស់​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១៥០ ​រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​តាម​បណ្ដា​ខេត្ត​ដូចជា ឧត្តរមាន​ជ័យ​ជា​ដើម។

ខណៈ​ដែល​នៅ​ខេត្ត​ស្ទឹងត្រែង​ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​វិញ ​អាច​លក់​បាន ២៥០ ​រៀល​ក្នុង​មួយ​គីឡូក្រាម។ ​ស្រប​ពេល​លោក ងិន ឆាយ ជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្មវិញ ​បញ្ជាក់​ដែរ​ថា​ការ​ នាំ​ចេញ​ដំឡូងមី​ស្រស់​ថយ​ចុះ ដោយសារ​ប្រជាកសិករ​កម្ពុជា​បាន​កែច្នៃដំឡូងមី​ស្រស់ ទៅ​ជា​ក្រៀម ​និង​ខ្លះ​ច្នៃ​ទៅ​ជា​ម្សៅ​តែ​ម្ដង ដើម្បី​រក្សា​ទុក​បាន​យូរ​ និង​មាន​តម្លៃ​ខ្ពស់​ជាង​លក់​ស្រស់។

​ចំពោះ​ករណី​ខាង​លើ​នេះ​ដែរ ​លោក វ៉ា រុតសាន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​៖ «យើង​ត្រូវធ្វើពិពិធកម្ម​មុខទំនិញ​ជាអនុផល​ទំនិញ​កសិកម្ម​សក្ដានុពលរបស់​យើង​មាន​ដូចជា ស្រូវ-អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយម្រេច មៀន​ប៉ៃលិន​ជាដើម»។

នៅ​ក្នុងឆ្នាំ២០២៤ កម្ពុជា​នាំ​ចេញដំឡូង​មីស្រស់​ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូង​មីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន​ គិតជាទឹក​ប្រាក់​ប្រមាណ​ ៧២៨ លានដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត