ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ

ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦»។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសដឹកនាំកិច្ចប្រជុំលើកទី៦ ដើម្បីបន្តកិច្ចពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ដោយកិច្ចប្រជុំលើកនេះជាមួយតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម កែរ វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), ឯកឧត្តមអគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន និង លោក លោកស្រី មន្ត្រីជំនាញនៃក្រសួងទេសចរណ៍, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង អង្គភាពប្រតិបត្តិ CTB សរុបប្រមាណ ២០ រូប។

តាមដានជាមួយយើង៖ Million Times

សូមបញ្ជាក់ជូនថា យោងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ២០៧០ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។

ពាក់ព័ន្ធនឹងកិច្ចការខាងលើ, ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំចំនួន ៥លើករួចមកហើយ ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ (១) កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), (២) កិច្ចប្រជុំជាមួយឯកឧត្តម វ៉ាន វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា, (៣) កិច្ចប្រជុំជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅចិន, (៤) កិច្ចប្រជុំជាមួយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, (៥) កិច្ចប្រជុំជាមួយអង្គភាពប្រតិបត្តិ CTB។

ក្រសួងទេសចរណ៍រំពឹងថា គម្រោងសាកល្បងខាងលើ នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦)នាពេលខាងមុខ៕

អត្ថបទ៖ ប៊ី