គម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន នឹងជួយជំរុញរំហូរអ្នកទេសចរ និងវិនិយោគគិនចិនមកកម្ពុជា

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា មានប្រសាសន៍ថា គម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិនមកកាន់កម្ពុជា នឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងវិនិយោគគិនចិន ពិសេសជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម វង សូត បានលើកឡើងដូច្នេះ នាឱកាសអញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន លេខាបក្សរងនៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង និងគណៈប្រតិភូ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នៅវិមានរដ្ឋសភា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងជាយូរណាស់មកហើយ រហូតក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឈានទៅកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តម ជឿជាក់ថា តួនាទីរបស់វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង នឹងរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កាន់ស៊ីជម្រៅថែមទៀត។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន បានជម្រាបជូន ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ថា វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងទីក្រុងហៃណាន គឺបង្កើតឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ដល់រដ្ឋាភិបាល ដើម្បីរួមចំណែកបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច និងកសាងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាដៃគូនានា។

ឯកឧត្តមសាស្រ្តាចារ្យ បានជម្រាបជូនបន្ថែមអំពីសក្តានុពលរបស់ទីក្រុងហៃណាន ដែលជាទីក្រុងមួយទទួលបានលក្ខខណ្ឌគយឯករាជ្យពីរដ្ឋាភិបាលចិន។ ទីក្រុងហៃណាន មានទីតាំងភូមិសាស្រ្តនៅជិតប្រទេសកម្ពុជា និងមានអាកាសធាតុស្រដៀងគ្នា ដែលធ្វើឱ្យទីក្រុងនេះមានលក្ខណៈអំណោយផលដល់ការធ្វើកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយគ្នា។ ឯកឧត្តមសាស្រ្តាចារ្យបានបន្ថែមថា វិទ្យាស្ថានតែងតែអញ្ជើញអ្នកស្រាវជា្រវរបស់កម្ពុជា ដើម្បីទៅទស្សនកិច្ចការងារនៅទីក្រុងហៃណាន និងទទួលយកនូវធាតុចូលផ្សេងៗ ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសគឺជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរណ៍កាន់តែច្រើន មកកម្ពុជា។ ជាអាទិ៍ វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង បានសហការមានទំនាក់ទំនងយ៉ាងល្អជាមួយអ្នកស្រាវជ្រាវ និងស្ថាប័នខួរក្បាល របស់កម្ពុជាជាច្រើន ដូចជា៖ រាជបណ្ឌិត្យសភាកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដើម។

ឯកឧត្តម វង សូត បានថ្លែងអំណរគុណមិត្តចិន ដែលតែជួយគាំទ្រកម្ពុជា តាំងពីដំណាក់កាលកម្ពុជាទើបចាកផុតពីសង្គ្រាម ជាពិសេសគឺការគាំទ្រកម្ពុជាជ្រើសរើសតាមមាគ៌ារបស់ខ្លួន ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ថា ក្នុងដំណាក់កាលនេះ កម្ពុជាត្រូវការបំផុតនោះគឺសន្តិភាព។ ការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ក្នុងពេលបច្ចុប្បន្ននេះ គឺកើតឡើងពីចេតនាឈ្លានពានពីប្រទេសថៃ ដែលបានប្រើអាវុធធុនធ្ងន់ រួមទាំងយន្តហោះ F16 គ្រាប់បែកចង្កោម និងប្រើប្រាស់ផ្សែងពុលមកលើកម្ពុជាជាដើម បង្ករការបំផ្លិចបំផ្លាញភូមិឋានប្រជាជនស្លូតត្រង់ សាលារៀន វត្តអារាម និងប្រាសាទបុរាណដែលជាបេតិកភណ្ឌរបស់មនុស្សជាតិជាដើម។ សកម្មភាពឈ្លានពានរបស់ថៃ ធ្វើឱ្យកម្ពុជាពុំមានជម្រើសអ្វីផ្សេង ក្រៅតែពីការតបត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជន។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន ដែលយកចិត្តទុកដាក់ចំពោះសង្គ្រាមរវាងកម្ពុជា-ថៃ និងបានខិតខំសម្របសម្រួលបញ្ឈប់ការប្រឈមមុខដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ឯកឧត្តម សង្ឃឹមថាការប្រឈមមុខនេះ និងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ ក្រោមការសម្របសម្រួលពីមិត្តចិន ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងសងខាង។

ឯកឧត្តម ក៏បានសម្តែងការត្រេកអរចំពោះគម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិនមកកាន់កម្ពុជា ដោយឯកឧត្តម ជឿជាក់ថា គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងវិនិយោគគិនចិន ជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងជាពិសេសជួយលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ជាចុងក្រោយ ឯកត្តមអនុប្រធានទី២ រដ្ឋសភា ផ្តល់អនុសាសន៍ដល់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន ក្នុងនាមនាយករងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ធ្វើការសហការឱ្យបានកាន់តែជិតស្និទ្ធជាមួយអ្នកស្រាវជ្រាវកម្ពុជា និងស្ថាប័នសង្គមស៊ីវិលផ្សេងៗរបស់កម្ពុជា សិក្សាលើទិដ្ឋភាពនានា រួមទាំងទិដ្ឋភាពច្បាប់ ដើម្បីជួយជំរុញដល់បរិយាសកាន់តែងាយស្រួលដល់ការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត៕

អត្ថបទ៖ ប៊ី