ក្រុមហ៊ុន PCG បោះផ្សាយ IPO ជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (PCG) បានចុះបញ្ជី និងបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) របស់ខ្លួន ជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា (CSX) ខណៈក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានចុះបញ្ជីថ្មីក្នុងឆ្នាំ ២០២៥ និងក្លាយជាក្រុមហ៊ុនទី ១២ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមជាគណៈអធិបតីក្នុងពិធី “ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក” នៅផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដោយជោគជ័យនៅលើទីផ្សារកំណើនសរុបចំនួន ៤.៩០៧.០១៨ ឯកតាមូលបត្រកម្មសិទ្ធិ ក្នុងទំហំទឹកប្រាក់សរុប ២៣,៥៥ ប៊ីលានរៀល ប្រមាណជា ៥,៨៩ លានដុល្លារអាម៉េរិក ក្នុងថ្លៃលក់ ៤.៨០០ រៀល (ប្រមាណ ១,២ ដុល្លារអាម៉េរិក) ក្នុង ១ ឯកតា មូលបត្រកម្មសិទ្ធិ។ សម្រាប់មូលបត្រកម្មសិទ្ធិនេះ នឹងមានការផ្តល់ទិន្នផលភាគលាភដែលមានការធានាប្រចាំឆ្នាំក្នុងរង្វង់ ៧% សម្រាប់រយៈពេល ៥ ឆ្នាំ ផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា ៖«កម្មវិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងជាផ្លូវការរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក នៅថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រថ្មី សម្រាប់ក្រុមហ៊ុននោះទេ ប៉ុន្តែការណ៍នេះក៏បានបង្ហាញពីមោទនភាពសម្រាប់ទីផ្សារមូលធនរបស់យើងទាំងមូលផងដែ»រ។

ឯកឧត្តម បានបន្ថែមពីនេះ កម្មវិធីនេះ គឺជាឱកាសមួយក្នុងការប្រកាសនូវទំនុកចិត្ត តម្លាភាព និងមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន តាមរយៈការឈានជើងចូលទៅក្នុងទីផ្សារមូលបត្រ ដោយក្រុមហ៊ុនបានបង្ហាញនូវទំនួលខុសត្រូវ ការយល់ដឹងពាក់ព័ន្ធ នឹងវិស័យមូលបត្រ ការប្តេជ្ញាចិត្តក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន រួមទាំងស្តង់ដាអភិបាលកិច្ចសាជីវកម្ម និងការបង្ហាញព័ត៌មានសាជីវកម្ម ដើម្បីធានាឱ្យបានូវតម្លាភាពនិងគណនេយ្យភាពរបស់ក្រុមហ៊ុន និងបានបើកឱកាសវិនិ យោគដល់បណ្តាវិនិយោគិនឱ្យចូលរួមក្នុងដំណើរនៃការរីកចម្រើនរបស់ខ្លួនផងដែរ»។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រី នៃ ន.ម.ក. រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ភាគីពាក់ព័ន្ធ។

សូមរំលេចថា ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក គឺត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានអាជីវកម្មចម្បង ពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនទ្រព្យប្រណីតនៅកម្ពុជា ដោយផ្តោតលើការ អភិវឌ្ឍអគារសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះ។ ក្រុមហ៊ុនមានទីតាំងស្ថិតលើផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាទីតាំងប្រកបដោយសក្តានុពលខ្ពស់។

គួរបញ្ជាក់ឡើងវិញផងដែរ ថា ក្រុមហ៊ុនទទួលបានការអនុញ្ញាតលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង និងចុះបញ្ជី ឯកសារផ្តល់ព័ត៌មានពីនិយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ និងបានបញ្ចប់ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ របស់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារ ចំនួនជាង ៤.៩លានឯកតាមូលបត្រកម្មសិទ្ធិ ក្នុងទំហំទឹកប្រាក់សរុប ២៣.៥៥ ប៊ីលានរៀល ប្រមាណជា ៥,៨៩ លានដុល្លារអាម៉េរិក ក្នុងថ្លៃលក់ ៤.៨០០ រៀល (ឬប្រមាណ ១,២ ដុល្លារអាម៉េរិក) ក្នុង១ ឯកតាមូលបត្រកម្មសិទ្ធិ។

ដើម្បីកសាងការជឿទុកចិត្តពីវិនិយោគិន ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានប្តេជ្ញាថា នឹងផ្តល់ ប្រាក់ចំណេញប្រមាណ៧% ប្រចាំឆ្នាំសម្រាប់រយៈពេលប្រាំឆ្នាំដំបូងបន្ទាប់ពីការចុះបញ្ជី។ វិធីសាស្រ្តនេះមានគោលបំណងផ្តល់ នូវប្រាក់ចំណែញដែលមានស្ថិរភាព និងអាចព្យាករណ៍បានក្នុងបរិយាកាសទីផ្សារដែលមានការផ្លាស់ប្តូរ។ ការណ៍នេះ បង្ហាញពីការប្តេជ្ញារបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងការចែករំលែកការរីកចម្រើនរបស់ខ្លួនជាមួយអ្នកចូលរួមភាគហ៊ុន៕

អត្ថបទ៖ ប៊ី