ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ រួមគ្នាទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ និងការឆបោកប្រាក់ប្រជាជនស្លូតត្រង់

ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ /គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ដើម្បីទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) និងការឆបោកប្រាក់ប្រជាជនស្លូតត្រង់។

ការចុះអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

តាមរយៈអនុស្សរណៈនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត នឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងសុវត្ថិភាពនៃព័ត៌មានអត្តសញ្ញាណអតិថិជន បានកាន់តែមានប្រសិទ្ធភាពជាងមុនសំដៅ ១) ទប់ស្កាត់ បទល្មើសឆបោក ដោយបន្លំអត្តសញ្ញាណ និង ២) ជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលក្នុងវិស័យធនាគារ និង វិស័យ ទូរគមនាគមន៍ក្នុងការគាំទ្រសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកជំទាវ បណ្ឌិត ជា សិរី បានថ្លែងថា ដើម្បីទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) ដើម្បីធ្វើការឆបោកប្រាក់ប្រជាជនស្លូតត្រង់ ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការ​ជំរុញ​បរិវត្តកម្មឌីជីថល និងកា​រ​​ផ្ទៀងផ្ទាត់​​អត្ត​សញ្ញាណ​ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់។

លោកជំទាវ បណ្ឌិត ជា សិរី បានអំពាវនាវ និងក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណរភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគ ដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ និងលេខទូរស័ព្ទ​ ឱ្យបុគ្គលដ​ទៃ​ដែ​ល​ពុំ​បា​ន​កា​ត់​ឈ្មោះ​ត្រឹមត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំ​ពីសំណាក់ជនខិលខូច ក្នុងការបង្កើត​ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រា​ក់ ឬឱ្យផ្ទេរប្រាក់ ការក្លែងបន្លំខ្លួនជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរស័ព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម ក្នុងបំណងទុច្ចរិត និងបោ​កប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន៕

អត្ថបទ៖ ប៊ី