គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៥ ទីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) មានវិនិយោគិនសរុបចំនួនជាង ៦៨ ពាន់នាក់ ខណៈក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ២០២៥ កន្លងទៅ ការជួញដូរមូលបត្រនៅ ផ.ម.ក គិតជាមធ្យម មានតម្លៃប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
ឯកឧត្តម សៀង ធីរិទ្ធ បានគូសបញ្ជាក់ដូច្នេះ ក្នុងសិក្ខាសាលាប្រចាំឆ្នាំ សម្រាប់អ្នកចូលរួមក្នុងទីផ្សារមូលបត្រ ជូនថ្នាក់ដឹកនាំ និងបុគ្គលិករបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA) ភ្នាក់ងារបញ្ជីកាមូលបត្រភ្នាក់ងារចុះ បញ្ជីផ្ទេរមូលបត្រភ្នាក់ងារទូទាត់ (RTP) និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) ។
ឯកឧត្តម សៀង ធីរិទ្ធ បានថ្លែងបើកកម្មវិធីថា គិតមកទល់បច្ចុប្បន្ន តួអង្គក្រោមការគ្រប់គ្រងរបស់ ន.ម.ក. ត្រឹមចុងឆ្នាំ២០២៥ មានចំនួនប្រមាណ ១៣៩ ក្រុមហ៊ុន ដែលក្នុងនោះមានភ្នាក់ងារ CSA ចំនួន ០៨, ភ្នាក់ងារ RTP ចំនួន ០៣ និងភ្នាក់ងារ Custodian ចំនួន ០១។ គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ទីផ្សារមូលបត្រមានវិនិយោគិនសរុបចំនួន ៦៨.៩៣២ នាក់ ដែលក្នុងនោះចំនួនវិនិយោគិនបានកើនឡើងចំនួន ១១.៣៦៨ នាក់ ក្នុងឆ្នាំ២០២៥។

ឯកឧត្តម សៀង ធីរិទ្ធ បានថ្លែងបន្តថា បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាទទួលបានការចុះបញ្ជីមូលបត្រជាបន្តបន្ទាប់ ដោយមានក្រុមហ៊ុនបោះផ្សាយសរុបចំនួន ២៥ ក្រុមហ៊ុន រួមមាន ក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅទីផ្សារគោលចំនួន ០៩ ទីផ្សារកំណើនចំនួន ០២ និងក្រុមហ៊ុនចុះបញ្ជីមូលបត្របំណុលចំនួន ១៤ ក្រុមហ៊ុន ដោយបានបោះផ្សាយមូលបត្របំណុលចំនួន ២៤ ដែលមានមូលបត្របំណុលចំនួន ០៨ បានដល់ឥណប្រតិទាន។
ឯកឧត្តម បានថ្លែងដូច្នេះថា ក្នុងរយៈពេលបីត្រីមាស ឆ្នាំ២០២៥ កន្លងទៅ ការជួញដូរមូលបត្រនៅ ផ.ម.ក បង្ហាញពីសន្ទុះនៃ កំណើន ដោយទំហំជួញដូរសរុបមានចំនួនប្រហែល ១៦ លានភាគហ៊ុន ក្នុងតម្លៃជួញដូរសរុបជាង ១៨ លានដុល្លារអាមេរិក ដែលគិតជាមធ្យមប្រមាណជា ៨ ម៉ឺនភាគហ៊ុន និងគិតជាតម្លៃប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាខាងលើនេះ មានគោលបំណងចំនួន ២ គឺ ទី១. ពង្រឹងនូវការអនុវត្តកាតព្វកិច្ចផ្នែកច្បាប់និងបទប្បញ្ញត្តិ និងទី២. ចែករំលែកបទពិសោធន៍ការអនុវត្តមុខងារ និងតួនាទីរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃភ្នាក់ងារទាំងអស់ ក្រោម ប្រធានបទចំនួន ៣ គឺ ១.បច្ចុប្បន្នភាពទីផ្សារមូលបត្រកម្ពុជា, ២.បទពិសោធន៍ជាក់ស្តែងក្នុងការធ្វើប្រតិបត្តិការរបស់ ភ្នាក់ងារ CSA, ៣.ទស្សនៈរបស់ ន.ម.ក. លើបទពិសោធន៍ និងដំណោះស្រាយនៃការអនុវត្តកាតព្វកិច្ចរបស់ភ្នាក់ងារ ទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ភ្នាក់ងារបញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ ភ្នាក់ងារទូទាត់ និងភ្នាក់ងារ រក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ព្រមទាំងវេទិកាសំណួរ-ចម្លើយ ស្តីពី និន្នាការថ្មីនៃការប្រើប្រាស់ប្លុកឆេនក្នុងការធ្វើ ទំនើបកម្មភ្នាក់ងារ RTP CSA និង Custodian ។
ក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្តម បានសង្កត់ធ្ងន់ផ្តល់ការណែនាំ និងឱ្យយកចិត្តទុកដាក់លើ ៤ ចំណុច ដូចខាងក្រោម៖ ១. ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការផ្តល់សេវាដល់អតិថិជន។ ២. អនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ៣. ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យកាន់តែងាយស្រួល ទំនើប និងបង្កើនទំនុកចិត្តដល់ វិនិយោគិន។ ៤.រួមគ្នាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងចូលរួមទប់ស្កាត់ការដាក់ប្រាក់វិនិយោគក្រោមរូបភាពឆបោក៕
អត្ថបទ៖ ប៊ី


