ស្ថានទូតអាមេរិក បានគូសបញ្ជាក់នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ថា ដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន (USABC) នៅកម្ពុជា កាលពីថ្ងៃទី ១-២ ខែធ្នូ ដោយមានក្រុមហ៊ុនអាមេរិកឈានមុខ ជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងផ្តល់ឱកាសសំខាន់ៗ ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
គណៈប្រតិភូដែលមានតំណាងពីក្រុមហ៊ុនជាសមាជិកចំនួន ១២ ក្នុងវិស័យសំខាន់ៗ រួមមាន សុខាភិបាល ថាមពល ទំនិញ/សេវាឌីជីថល សេវាហិរញ្ញវត្ថុ និងផ្នែកបដិសណ្ឋារកិច្ច បង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងរបស់អាជីវកម្មអាមេរិកចំពោះសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែមានកំណើនយ៉ាងលឿន។
តំណាងស្ថានទូតអាមេរិក និង គណៈប្រតិភូ USABC បានកោតសរសើរការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈដំណើរការនៃកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន សហរដ្ឋអាមេរិក និងកម្ពុជា។ កិច្ចសន្ទនានេះ បង្ហាញពី ភាពរីកចម្រើនជាវិជ្ជមាន ក្នុងការលើកកម្ពស់តម្លាភាព កាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម និងបង្កើតឱកាសប្រកួតប្រជែងស្មើគ្នាសម្រាប់ក្រុមហ៊ុនអាមេរិក។

សហរដ្ឋអាមេរិកនៅតែជាបណ្តាញទីផ្សារធំបំផុតរបស់កម្ពុជា ហើយការវិនិយោគរបស់អាមេរិកបច្ចុប្បន្ន បានគាំទ្រដល់ការងារជាងមួយលានកន្លែងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអាមេរិក ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនស្តង់ដារកម្រិតខ្ពស់ របស់ពិភពលោក ដោយគោរពតាមច្បាប់ជាតិ និងអន្តរជាតិ ផ្តល់ជូននូវផលិតផល និងសេវាកម្មមានគុណភាពខ្ពស់ ព្រមទាំងរួមចំណែកដល់សហគមន៍តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ និងមានគំនិតផ្តួចផ្តើមលើការងារទំនួលខុសត្រូវសង្គម។
ទស្សនកិច្ចរបស់គណៈប្រតិភូ USABC មកកាន់ប្រទេសកម្ពុជា កើតឡើងក្នុងពេលដែលទំនាក់ទំនងទ្វេភាគីអាមេរិក និងកម្ពុជា កំពុងរឹងមាំជាងមុន។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ពិសេស នៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា កាលពីថ្ងៃទី ២៦ តុលា នៅទីក្រុងកូឡាឡាំពួរ ដោយប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការកាត់បន្ថយអាករនាំចូលលើទំនិញ ដែលមានប្រភពពីអាមេរិកភាគច្រើន និងការប្តេជ្ញារបស់កម្ពុជាក្នុងការដោះស្រាយរបាំងទីផ្សារ បានជំរុញឱ្យមានការនាំចេញពីអាមេរិកមកកម្ពុជាកាន់តែកើនឡើង។
ស្ថានទូតអាមេរិកបន្តប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងពន្ធបដិកាឱ្យបានពេញលេញ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគសម្រាប់សម្បត្តិរួម៕
អត្ថបទ៖ ប៊ី


