ADB គាំទ្រអនាគតទីក្រុងរបស់កម្ពុជា ជាមួយការវិនិយោគ ៧៦៣ លានដុល្លារ សម្រាប់លើកកម្ពស់​ សុវត្ថិភាពទឹក និង​ ភាពធន់

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន​ (ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥) – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។

កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ​ ធន់ និង មាន​សុវត្ថិភាពទឹក នេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។  កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងដែលធន់នឹងអាកាសធាតុនិងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង​ សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ។»

តាមដានជាមួយយើង៖ Million Times

ខណៈពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹកនិងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត ៨៣% ក្នុងឆ្នាំ ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី ៧៣% និង អនាម័យកើនឡើងពី ៥៤% កាលពីឆ្នាំ ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ និង​ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងអាកាសធាតុដែលប្រែប្រួលខ្លាំង។

ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ ១០,៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០​ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០% ។ តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៤៧,៨% ពី ៤,៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ៦,៨ លាននាក់ (៣៥% នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ ២០៤០។

កម្មវិធីវិនិយោគនេះ​ ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វានឹងគាំទ្រការវិនិយោគជាអាទិភាព រយៈពេលខ្លី និងវែង ដើម្បីពង្រីកនិងធ្វើឱ្យមាននិរន្តរភាព​ នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងដែលធន់ លើកកម្ពស់សន្តិសុខទឹក និងពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវា។

បែងចែកជា ៤ កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦ លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និង ភ្នាក់ងារអនុវត្ត។ ការនេះធានានូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន​ និង បទពិសោធន៍ពីមុន ដើម្បីពង្រឹងការអនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ។ កញ្ចប់​នីមួយៗនឹងអនុវត្តបន្តពីមួយទៅមួយដើម្បីធានាគុណភាពផលជះ និង និរន្តរភាពរបស់កម្មវិធីទាំងមូល។

ជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥.000 នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥00,000៕

អត្ថបទ៖ ប៊ី